បន្ទាប់ពីស្វាមីរបស់អ្នកស្រីបេតស៊ី(Betsy)បានទទួលមរណៈភាព គាត់ក៏បានចំណាយពេលភាគច្រើន នៅក្នុងផ្ទះល្វែងរបស់គាត់ មើលទូរទស្សន៍ និងឆុងតែសម្រាប់ខ្លួនគាត់ម្នាក់ឯង។ មិនមែនមានតែគាត់ទេ ដែលមានភាពឯកោ។ មានជនជាតិអង់គ្លេសជាង៩លាននាក់(១៥ភាគរយនៃប្រជាជនសរុប) បាននិយាយថា ពួកគេមានអារម្មណ៍ឯកោជាញឹកញាប់ ឬឯកោជាប្រចាំ ហើយចក្រភពអង់គ្លេស ក៏បានចាត់តាំងឲ្យមានរដ្ឋមន្រ្តីក្រសួងភាពឯកោ ដើម្បីស្វែងយល់អំពីមូលហេតុដែលប្រជាជនអង់គ្លេសមានភាពឯកោ ហើយស្វែងរកវិធីសាស្រ្តជួយពួកគេ។
ភាពឯកោមានបុព្វហេតុមួយចំនួន ដែលមនុស្សជាច្រើនដឹង។ មនុស្សឯកោ ដោយសារពួកគេបានផ្លាស់ប្តូរទីកន្លែងញឹកញាប់ពេក បានជាមិនបានចាក់ឬសឲ្យបានជ្រៅនៅកន្លែងណាមួយ។ យើងជឿថា យើងអាចថែរក្សាខ្លួនឯង ហើយយើងគិតថា យើងគ្មានហេតុផលអ្វី ដែលត្រូវឈោងទៅរកអ្នកដទៃទេ។ យើងត្រូវបានបច្ចេកវិទ្យាញែកឲ្យនៅដាច់ពីគ្នា ពោលគឺយើងបានងប់ងល់នឹងការចំណាយពេលនៅពីមុខកញ្ចក់ទូរស័ព្ទស្មាតហ្វូនច្រើនពេក។
ខ្ញុំមានអារម្មណ៍ថា ភាពឯកោដ៏ងងឹតកំពុងតែនៅជិតបង្កើយ ហើយអ្នកក៏ប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ។ ហេតុនេះហើយបានជាយើងត្រូវការបងប្អូនរួមជំនឿរបស់យើង។ ព្រះគម្ពីរហេព្រើរបាននិយាយអំពីការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ ហើយបន្ទាប់មក ក៏បានធ្វើការសន្និដ្ឋាន ដោយលើកទឹកចិត្តយើង ឲ្យបន្តជួបជុំគ្នាកុំឲ្យខាន(១០:២៥)។ យើងជាសមាជិកនៃមហាគ្រួសាររបស់ព្រះ ដូចនេះ យើងត្រូវតែស្រឡាញ់ “គ្នាទៅវិញទៅមក ជាបងប្អួនរួមជំនឿ” ហើយ “ស្វាគមន៍អ្នកដែលយើងមិនស្គាល់ផងដែរ”(១៣:១-២)។ បើយើងម្នាក់ៗខិតខំអនុវត្តតាមការបង្រៀននេះ មនុស្សម្នាក់ៗក្នុងពួកជំនុំនឹងមានអារម្មណ៍ថា គេបានយកចិត្តទុកដាក់ចំពោះខ្លួនមិនខាន។
មនុស្សឯកោដែលយើងបានយកអសារ ប្រហែលមិនបានធ្វើល្អតបមកយើងវិញទេ ប៉ុន្តែ យើងមិនត្រូវឈប់ខ្វល់ពីពួកគេនោះឡើយ។ ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនចាកចេញ ឬបោះបង់យើងចោលឡើយ(១៣:៥) ហើយយើងអាចទុកចិត្តថា មិត្តភាពដែលយើងមានជាមួយទ្រង់ នឹងបណ្តាលចិត្តយើងឲ្យស្រឡាញ់អ្នកដទៃ។ តើអ្នកមានភាពឯកោទេ? តើអ្នកអាចបម្រើមហាគ្រួសារនៃព្រះ ដោយរបៀបណាខ្លះ? មិត្តភក្តិដែលអ្នករកបាន ក្នុងព្រះយេស៊ូវ និងស្ថិតស្ថេរជារហូត ក្នុងជីវិតនេះ និងអស់កល្បជានិច្ច។—MIKE WITTMER