បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី​បេតស៊ី(Betsy)បាន​ទទួល​មរណៈ​ភាព គាត់​ក៏​បាន​ចំណាយ​ពេល​ភាគ​ច្រើន នៅ​ក្នុង​ផ្ទះល្វែង​របស់​គាត់ មើល​ទូរទស្សន៍ និង​ឆុង​តែ​សម្រាប់​ខ្លួន​គាត់​ម្នាក់​ឯង។ មិន​មែន​មាន​តែ​គាត់​ទេ ដែល​មាន​ភាព​ឯកោ។ មាន​ជន​ជាតិ​អង់​គ្លេស​ជាង​៩​លាន​នាក់(១៥​ភាគ​រយ​នៃ​ប្រជាជន​សរុប) បាន​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍​ឯកោ​ជា​ញឹកញាប់ ឬ​ឯកោ​ជា​ប្រចាំ ហើយ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាត់​តាំង​ឲ្យ​មាន​រដ្ឋ​មន្រ្តី​ក្រសួង​ភាព​ឯកោ ដើម្បី​ស្វែង​យល់​អំពី​មូល​ហេតុ​ដែល​ប្រជាជន​អង់​គ្លេស​មាន​ភាព​ឯកោ ហើយ​ស្វែង​រក​វិធី​សាស្រ្ត​ជួយ​ពួក​គេ។

ភាព​ឯកោ​មាន​បុព្វ​ហេតុ​មួយ​ចំនួន ដែល​មនុស្ស​ជា​ច្រើន​ដឹង។ មនុស្ស​ឯកោ ដោយ​សារ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ទី​កន្លែង​ញឹក​ញាប់​ពេក បាន​ជា​មិន​បាន​ចាក់​ឬស​ឲ្យ​បាន​ជ្រៅ​នៅកន្លែង​ណា​មួយ។  យើង​ជឿ​ថា យើង​អាច​ថែរក្សា​ខ្លួន​ឯង ហើយ​យើង​គិត​ថា យើង​គ្មាន​ហេតុ​ផល​អ្វី ដែល​ត្រូវ​ឈោង​ទៅ​រក​អ្នក​ដទៃ​ទេ។ យើង​ត្រូវ​បាន​បច្ចេក​វិទ្យា​ញែក​ឲ្យ​នៅដាច់​ពី​គ្នា ពោល​គឺ​យើង​បាន​ងប់ងល់​នឹង​ការ​ចំណាយ​ពេល​នៅ​ពី​មុខ​កញ្ចក់​ទូរស័ព្ទ​ស្មាត​ហ្វូន​ច្រើន​ពេក។

ខ្ញុំ​មាន​អារម្មណ៍​ថា ភាព​ឯកោ​ដ៏​ងងឹត​កំពុង​តែ​នៅ​ជិត​បង្កើយ ហើយ​អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ព្រះគម្ពីរ​ហេព្រើរ​បាន​និយាយ​អំពី​ការ​លះ​បង់​ព្រះជន្ម​របស់​ព្រះ​យេស៊ូវ ហើយ​បន្ទាប់​មក ក៏​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន ដោយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​បន្ត​ជួប​ជុំ​គ្នា​កុំ​ឲ្យ​ខាន(១០:២៥)។ យើង​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ ដូច​នេះ យើង​ត្រូវ​តែ​ស្រឡាញ់ “គ្នា​ទៅ​វិញ​ទៅ​មក ជា​បងប្អួន​រួម​ជំនឿ” ហើយ “ស្វាគមន៍​អ្នក​ដែល​យើង​មិន​ស្គាល់​ផង​ដែរ”(១៣:១-២)។ បើ​យើង​ម្នាក់​ៗ​ខិត​ខំ​អនុវត្ត​តាម​ការបង្រៀន​នេះ មនុស្ស​ម្នាក់​ៗ​ក្នុង​ពួក​ជំនុំ​នឹង​មាន​អារម្មណ៍​ថា គេ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​មិន​ខាន។

មនុស្ស​ឯកោ​ដែល​យើង​បាន​យក​អសារ ប្រហែល​មិន​បាន​ធ្វើ​ល្អ​តប​មក​យើង​វិញ​ទេ ប៉ុន្តែ យើង​មិន​ត្រូវ​ឈប់​ខ្វល់​ពីពួក​គេ​នោះ​ឡើយ។ ព្រះយេស៊ូវ​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ ឬ​បោះ​បង់​យើង​ចោល​ឡើយ(១៣:៥) ហើយយើង​អាច​ទុក​ចិត្ត​ថា មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​ទ្រង់ នឹង​បណ្តាល​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ។ តើ​អ្នក​មាន​ភាព​ឯកោ​ទេ? តើ​អ្នក​អាច​បម្រើ​មហា​គ្រួសារ​នៃ​ព្រះ ដោយ​របៀប​ណា​ខ្លះ? មិត្ត​ភក្តិ​ដែល​អ្នក​រក​បាន ក្នុង​ព្រះ​យេស៊ូវ និង​ស្ថិត​ស្ថេរ​ជា​រហូត ក្នុង​ជីវិត​នេះ និង​អស់​កល្ប​ជា​និច្ច។​—MIKE WITTMER