ការថប់បារម្ភរបស់ខ្ញុំបានកើនឡើង ពេញមួយរដូវក្តៅ មុនពេលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ខ្ញុំចូលចិត្តរៀបចំផែនការ សម្រាប់អ្វីៗគ្រប់យ៉ាង ហើយការចាកចេញពីរដ្ឋរបស់ខ្ញុំ ដើម្បីទៅរៀនយកអនុបណ្ឌិត នៅរដ្ឋផ្សេង ដោយគ្មានការងារធ្វើ បានធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ។ ទោះជាយ៉ាងណាក៏ដោយ ពីរបីថ្ងៃក្រោយមក បន្ទាប់ពីខ្ញុំបានចាកចេញពីការងារនៅរដូវក្តៅ គេបានហៅខ្ញុំ ឲ្យទៅធ្វើការឲ្យក្រុមហ៊ុនមួយ ពីចម្ងាយតាមបណ្តាញអ៊ីនធើណិត។ ខ្ញុំក៏បានទទួលយកការងារនេះ ហើយមានសន្តិភាពក្នុងចិត្ត ពេលបានដឹងថា ព្រះជាម្ចាស់កំពុងតែមើលថែខ្ញុំ។
ព្រះជាម្ចាស់បានផ្គត់ផ្គង់ តាមតែពេលវេលារបស់ទ្រង់ មិនមែនតាមផែនការរបស់ខ្ញុំឡើយ។ លោកអ័ប្រាហាំបានឆ្លងកាត់ស្ថានភាពដែលពិបាកជាងខ្ញុំឆ្ងាយណាស់។ ព្រះជាម្ចាស់បានបង្គាប់គាត់ ឲ្យយកអ៊ីសាក ដែលជាកូនរបស់គាត់ ទៅធ្វើយញ្ញបូជាថ្វាយទ្រង់ នៅលើភ្នំ(លោកុប្បត្តិ ២២:១-២)។ លោកអ័ប្រាហាំក៏បានស្តាប់បង្គាប់ ដោយគ្មានការស្ទាក់ស្ទើរ ហើយក៏បាននាំអ៊ីសាកឡើងភ្នំនោះ។ ក្នុងការធ្វើដំណើរទៅរកភ្នំនោះ បានចំណាយពេលបីថ្ងៃ ដូចនេះ គាត់មានពេលច្រើន ដើម្បីគិតឡើងវិញ ហើយផ្លាស់ប្តូរគំនិត តែគាត់មិនបានផ្លាស់ប្តូរគំនិតសោះ(ខ.៣-៤)។
ពេលអ៊ីសាកសួររកកូនចៀមសម្រាប់ធ្វើដង្វាយ គាត់ក៏បានឆ្លើយថា “កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ”(ខ.៨)។ ខ្ញុំឆ្ងល់ថា តើលោកអ័ប្រាហាំមានការថប់បារម្ភប៉ុណ្ណា ពេលដែលគាត់ចងអ៊ីសាកនៅលើអាសនា ហើយលើកកាំបិតឡើង ដើម្បីសម្លាប់អ៊ីសាក(ខ.៩-១០)។ តែគាត់ក៏បានធូរចិត្តវិញ ពេលដែលទេវតាបានមកបញ្ឈប់គាត់(ខ.១១-១២)។ ព្រះជាម្ចាស់បានត្រៀមដង្វាយ ដែលជាចៀមឈ្មោលមួយក្បាល ដែលកំពុងជាប់ស្នែងនឹងព្រៃ សម្រាប់ធ្វើជាយញ្ញបូជាជំនួយអ៊ីសាក(ខ.១៣)។ ព្រះជាម្ចាស់បានល្បងលសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ហើយគាត់ក៏បានបង្ហាញចេញនូវជំនឿ និងភាពស្មោះត្រង់របស់គាត់ ចំពោះព្រះអង្គ។ ហើយដល់ពេលដែលព្រះជាម្ចាស់បានកំណត់មកដល់ ទ្រង់ក៏បានផ្គត់ផ្គង់គាត់(ខ.១៤)។—JULIE SCHWAB