ជើង​ហោះ​ហើរ​ពី​ក្រុង​ញូយ៉ក ទៅ​ក្រុង​សាន អាន់តូនីញ៉ូ​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​២០​នាទី​ហើយ តែ​គម្រោង​ហោះហើរ​ក៏​បាន​ផ្លាស់​ប្តូរ ធ្វើ​ឲ្យ​ភាព​ជ្រួល​ច្របល់​កើត​មាន។ ពេល​ដែល​ម៉ាស៊ីន​មួយ ក្នុង​ចំណោម​ម៉ាស៊ីន​ទាំង​ឡាយ​របស់យន្ត​ហោះ​ខូច បំណែក​របស់​ម៉ាស៊ីន​បាន​ខ្ទាត​មក​ត្រូវ​បង្អូច​មួយ​ធ្វើ​ឲ្យ​បែក​កញ្ចក់ ហើយ​ចូល​ទៅ​ខាង​ក្នុង​យន្ត​ហោះ បណ្តាល​ឲ្យ​កាប៊ីន​យន្ត​ហោះ​បន្ថយ​សំពាធ​ខ្យល់​នៅ​ខាង​ក្នុង។ គួរ​ឲ្យ​ស្តាយ​ណាស់ អ្នក​ដំណើរ​បួន​ប្រាំ​នាក់​មាន​របួស ហើយ​អ្នក​ដំណើរ​ម្នាក់​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​នោះ។ អ្នក​បើក​យន្ត​ហោះ នៅ​ក្នុង​បន្ទប់​បើក​បរ ធ្លាប់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ធ្វើ​ជា​ពី​ឡុត​យន្ត​ហោះ​ចម្បាំង​របស់​កង​ទ័ព​ជើង​ទឹក។ បើ​សិន​ជា​គាត់​មិន​មាន​ស្មារតី​នឹង​នរ និង​ជា​អ្នក​បើក​បរ​ដែល​មាន​សមត្ថ​ភាព​ទេ នោះ​ហេតុការណ៍​នេះ​អាច​ក្លាយ​ជា​សោក​នាដ​កម្ម​ដែល​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត។ ក្រោយ​មក កាសែត​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ បាន​ចេញ​ផ្សាយ​ពត៌មាន ដែល​មាន​ចំណង​ជើង​ថា “ក្រោម​ការ​គ្រប់​គ្រង​ដ៏​អស្ចារ្យ”។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣១ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ថា ទ្រង់​បាន​ស្គាល់​ព្រះ​ហស្តដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ ដែល​បាន​ថែរក្សា​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​អាច​មាន​បន្ទូល ដោយ​ទំនុក​ចិត្ត​ថា “ទូល​បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះហស្ត​ទ្រង់”(ខ.៥)។ ស្តេច​ដាវីឌ​ជ្រាប​ថា ព្រះ​អម្ចាស់​នៅ​តែ​អាច​ឲ្យ​ទ្រង់​ទុក​ចិត្ត​បាន សូម្បីតែ​ក្នុង​ពេល​ដែល​ជីវិត​មាន​ភាព​ជ្រួល​ច្របល់។ ដោយសារ​ស្តេច​ដាវីឌ​ត្រូវ​សត្រូវ​តាម​បៀត​បៀន នោះ​ការ​រស់​នៅ​របស់​ទ្រង់ មាន​ការ​ពិបាក​យ៉ាង​ខ្លាំង។​ ទោះ​ទ្រង់​ងាយ​នឹង​មាន​គ្រោះ​ថ្នាក់​ក្តី ទ្រង់​នៅ​តែ​មិន​អស់​សង្ឃឹម។ ក្នុង​ពេល​ដែល​គេធ្វើ​ទុក្ខ​ទ្រង់ ទ្រង់​នៅ​តែ​អាច​ដក​ដង្ហើម​ធំ ដោយ​អារម្មណ៍​ធូរ​ស្បើយ ហើយ​មាន​អំណរ​ឡើង ព្រោះ​ព្រះ​ដ៏​ស្មោះ​ត្រង់ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ ជា​ប្រភព​នៃ​ទំនុក​ចិត្ត​របស់​ទ្រង់​(ខ.៥-៧)។

អ្នក​ប្រហែល​ជា​ធ្លាក់​ចូល​ទៅ​ក្នុង​រដូវ​កាល​នៃ​ជីវិត ដែល​ការ​វាយ​ប្រហារ​បាន​កើត​មាន​ពី​គ្រប់​ទិស ហើយ​អ្នក​ពិបាក​មើល​ឃើញ​ផ្លូវ​ដែល​នៅ​ខាង​មុខ។ ក្នុង​ពេល​ដែល​មាន​ភាព​មិន​ច្បាស់​លាស់ ភ័ន្ត​ច្រឡំ និង​ជ្រួល​ច្របល់​នោះ យើងអាច​ដឹង​ច្បាស់​ថា អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ​អម្ចាស់ គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ត​ដ៏​អស្ចារ្យ។—ARTHUR JACKSON