ជើងហោះហើរពីក្រុងញូយ៉ក ទៅក្រុងសាន អាន់តូនីញ៉ូបានចាប់ផ្តើមចេញដំណើរ២០នាទីហើយ តែគម្រោងហោះហើរក៏បានផ្លាស់ប្តូរ ធ្វើឲ្យភាពជ្រួលច្របល់កើតមាន។ ពេលដែលម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីនទាំងឡាយរបស់យន្តហោះខូច បំណែករបស់ម៉ាស៊ីនបានខ្ទាតមកត្រូវបង្អូចមួយធ្វើឲ្យបែកកញ្ចក់ ហើយចូលទៅខាងក្នុងយន្តហោះ បណ្តាលឲ្យកាប៊ីនយន្តហោះបន្ថយសំពាធខ្យល់នៅខាងក្នុង។ គួរឲ្យស្តាយណាស់ អ្នកដំណើរបួនប្រាំនាក់មានរបួស ហើយអ្នកដំណើរម្នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ។ អ្នកបើកយន្តហោះ នៅក្នុងបន្ទប់បើកបរ ធ្លាប់បានទទួលការបណ្តុះបណ្តាលធ្វើជាពីឡុតយន្តហោះចម្បាំងរបស់កងទ័ពជើងទឹក។ បើសិនជាគាត់មិនមានស្មារតីនឹងនរ និងជាអ្នកបើកបរដែលមានសមត្ថភាពទេ នោះហេតុការណ៍នេះអាចក្លាយជាសោកនាដកម្មដែលធ្ងន់ធ្ងរជាងនេះទៀត។ ក្រោយមក កាសែតក្នុងតំបន់ដែលខ្ញុំរស់នៅ បានចេញផ្សាយពត៌មាន ដែលមានចំណងជើងថា “ក្រោមការគ្រប់គ្រងដ៏អស្ចារ្យ”។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣១ ស្តេចដាវីឌបានមានបន្ទូលថា ទ្រង់បានស្គាល់ព្រះហស្តដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ដែលបានថែរក្សាទ្រង់។ ហេតុនេះហើយបានជាទ្រង់អាចមានបន្ទូល ដោយទំនុកចិត្តថា “ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់”(ខ.៥)។ ស្តេចដាវីឌជ្រាបថា ព្រះអម្ចាស់នៅតែអាចឲ្យទ្រង់ទុកចិត្តបាន សូម្បីតែក្នុងពេលដែលជីវិតមានភាពជ្រួលច្របល់។ ដោយសារស្តេចដាវីឌត្រូវសត្រូវតាមបៀតបៀន នោះការរស់នៅរបស់ទ្រង់ មានការពិបាកយ៉ាងខ្លាំង។ ទោះទ្រង់ងាយនឹងមានគ្រោះថ្នាក់ក្តី ទ្រង់នៅតែមិនអស់សង្ឃឹម។ ក្នុងពេលដែលគេធ្វើទុក្ខទ្រង់ ទ្រង់នៅតែអាចដកដង្ហើមធំ ដោយអារម្មណ៍ធូរស្បើយ ហើយមានអំណរឡើង ព្រោះព្រះដ៏ស្មោះត្រង់ និងពេញដោយក្តីស្រឡាញ់របស់ទ្រង់ ជាប្រភពនៃទំនុកចិត្តរបស់ទ្រង់(ខ.៥-៧)។
អ្នកប្រហែលជាធ្លាក់ចូលទៅក្នុងរដូវកាលនៃជីវិត ដែលការវាយប្រហារបានកើតមានពីគ្រប់ទិស ហើយអ្នកពិបាកមើលឃើញផ្លូវដែលនៅខាងមុខ។ ក្នុងពេលដែលមានភាពមិនច្បាស់លាស់ ភ័ន្តច្រឡំ និងជ្រួលច្របល់នោះ យើងអាចដឹងច្បាស់ថា អ្នកដែលនៅជាប់ក្នុងព្រះអម្ចាស់ គឺកំពុងតែស្ថិតនៅក្នុងព្រះហស្តដ៏អស្ចារ្យ។—ARTHUR JACKSON