កាល​ខ្ញុំ​កំពុង​ដើរ​លេង​ក្នុង​ព្រៃ​ ជា​មួយ​កូន​ៗ​របស់​ខ្ញុំ យើង​ក៏​បាន​រក​ឃើញ​រុក្ខ​ជាតិ​តូច​មួយ​ដើម មាន​ពណ៌​បៃ​តង​ដុះ​ជា​កញ្ចុំ​ៗ តាម​ផ្លូវ​ដើរ។ តាម​ផ្លាក​សញ្ញា​ដែល​គេ​បាន​ដាក់​តាម​ផ្លូវ តាម​ធម្មតា គេ​បាន​ហៅ​រុក្ខជាតិ​នោះ​ថា ដើម​ស្លែ​ក្តាន់ ប៉ុន្តែ តាម​ពិត វា​មិន​មែន​ជា​ដើម​ស្លែ​ទេ។ វា​ជា​ពពួក​ផ្សិត​ម្យ៉ាង ដែល​កើត​ឡើង​ពី​បណ្តុំ​រវាង​ផ្សិត និង​សារ៉ាយ ដែល​ដុះជា​មួយ​គ្នា ដោយ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទទួល​ផល​ចំណេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ផ្សិត និង​សារ៉ាយ​នោះមិន​អាច​រស់​នៅ ដោយ​មិន​ពឹង​ផ្អែក​គ្នា​បាន​ទេ ប៉ុន្តែ ពេល​ដែល​ពួក​វា​នៅ​ជា​មួយ​គ្នា ពួក​វា​អាច​បង្កើត​ជា​រុក្ខជាតិ​ដ៏​រឹង​មាំ ដែល​អាច​រស់​នៅ​ក្នុង​ព្រៃ​ស្រល់​រហូត​ដល់​៤៥០០​ឆ្នាំ។ ដោយ​សារ​រុក្ខជាតិ​នេះ​អាច​ធន់​នឹង​ភាព​រាំង​ស្ងួត និង​អាកាស​ធាតុ​ត្រជាក់ វា​បាន​ធ្វើ​ជា​ប្រភព​អាហារ​តែ​មួយ​មុខ​គត់ សម្រាប់​សត្វ​រមំាង ក្នុង​រដូវរងា​ដែល​ត្រជាក់​ខ្លាំង។​

ទំនាក់​ទំនង​រវាង​ផ្សិត និង​សារ៉ាយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​ទំនាក់​ទំនង​រវាង​មនុស្ស​និង​មនុស្ស។ យើង​ពឹង​ផ្អែក​គ្នា​ទៅវិញ​ទៅ​មក។ ដើម្បី​លូត​លាស់ និង​រីក​ចម្រើន យើង​ចាំ​បាច់​ត្រូវ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក។​

ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូល៉ុស គាត់​បាន​ពិពណ៌នា អំពី​ទំនាក់​ទំនង​ដែល​យើងត្រូវ​មាន។ គាត់​ថា ក្នុង​ទំនាក់​ទំនង យើង​ត្រូវ “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់”(កូល៉ុស ៣:១២)។ យើង​គួរ​តែ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រស់​នៅ ក្នុង​សន្តិ​ភាព “ធ្វើ​ជា​អវយវៈ​ក្នុង​រូប​កាយ​តែ​មួយ”(ខ.១៥)។

យើង​មិន​ងាយ​នឹង​បាន​រស់​នៅ ដោយ​សន្តិភាព​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ឡើយ។ ប៉ុន្តែ ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចម្រើន​កម្លាំង​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ទោស​បាប ក្នុង​ទំនាក់​ទំនង​របស់​យើង នោះយើង​នឹង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជា​ម្ចាស់ ហើយ​គេ​នឹង​បាន​ស្គាល់​ព្រះ​គ្រីស្ទ ដោយសារ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​(យ៉ូហាន ១៣:៣៥)។​ —AMY PETERSON