កាលខ្ញុំកំពុងដើរលេងក្នុងព្រៃ ជាមួយកូនៗរបស់ខ្ញុំ យើងក៏បានរកឃើញរុក្ខជាតិតូចមួយដើម មានពណ៌បៃតងដុះជាកញ្ចុំៗ តាមផ្លូវដើរ។ តាមផ្លាកសញ្ញាដែលគេបានដាក់តាមផ្លូវ តាមធម្មតា គេបានហៅរុក្ខជាតិនោះថា ដើមស្លែក្តាន់ ប៉ុន្តែ តាមពិត វាមិនមែនជាដើមស្លែទេ។ វាជាពពួកផ្សិតម្យ៉ាង ដែលកើតឡើងពីបណ្តុំរវាងផ្សិត និងសារ៉ាយ ដែលដុះជាមួយគ្នា ដោយពឹងផ្អែកគ្នាទៅវិញទៅមក ដោយទទួលផលចំណេញពីគ្នាទៅវិញទៅមក។ ផ្សិត និងសារ៉ាយនោះមិនអាចរស់នៅ ដោយមិនពឹងផ្អែកគ្នាបានទេ ប៉ុន្តែ ពេលដែលពួកវានៅជាមួយគ្នា ពួកវាអាចបង្កើតជារុក្ខជាតិដ៏រឹងមាំ ដែលអាចរស់នៅក្នុងព្រៃស្រល់រហូតដល់៤៥០០ឆ្នាំ។ ដោយសាររុក្ខជាតិនេះអាចធន់នឹងភាពរាំងស្ងួត និងអាកាសធាតុត្រជាក់ វាបានធ្វើជាប្រភពអាហារតែមួយមុខគត់ សម្រាប់សត្វរមំាង ក្នុងរដូវរងាដែលត្រជាក់ខ្លាំង។
ទំនាក់ទំនងរវាងផ្សិត និងសារ៉ាយនេះបានធ្វើឲ្យខ្ញុំគិតដល់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។ យើងពឹងផ្អែកគ្នាទៅវិញទៅមក។ ដើម្បីលូតលាស់ និងរីកចម្រើន យើងចាំបាច់ត្រូវពឹងពាក់គ្នាទៅវិញទៅមក។
ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូល៉ុស គាត់បានពិពណ៌នា អំពីទំនាក់ទំនងដែលយើងត្រូវមាន។ គាត់ថា ក្នុងទំនាក់ទំនង យើងត្រូវ “ប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់”(កូល៉ុស ៣:១២)។ យើងគួរតែអត់ទោសឲ្យគ្នាទៅវិញទៅមក ហើយរស់នៅ ក្នុងសន្តិភាព “ធ្វើជាអវយវៈក្នុងរូបកាយតែមួយ”(ខ.១៥)។
យើងមិនងាយនឹងបានរស់នៅ ដោយសន្តិភាពជាមួយក្រុមគ្រួសារ និងមិត្តភក្តិឡើយ។ ប៉ុន្តែ ពេលដែលព្រះវិញ្ញាណបរិសុទ្ធចម្រើនកម្លាំងយើង ឲ្យបង្ហាញចេញនូវការបន្ទាបខ្លួន និងការអត់ទោសបាប ក្នុងទំនាក់ទំនងរបស់យើង នោះយើងនឹងបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ ហើយគេនឹងបានស្គាល់ព្រះគ្រីស្ទ ដោយសារយើងស្រឡាញ់គ្នាទៅវិញទៅមក(យ៉ូហាន ១៣:៣៥)។ —AMY PETERSON