ពេលដែលកំពូលស្រួចរបស់ព្រះវិហារបានវៀច គេក៏មានការព្រួយបារម្ភ។ កាលយើងទៅលេងមិត្តភក្តិយើង ពួកគេបានចែកចាយថា កំពូលស្រួចរបស់ព្រះវិហាររបស់ពួកគេបានវៀច ដោយសារខ្យល់ព្យុះដ៏កាចសាហាវមួយបានបក់មក ហើយគេក៏បានធ្វើការដាស់តឿនខ្លះៗ ឲ្យមានការប្រុងប្រយ័ត្ន។
ព្រះវិហារនោះក៏បានប្រញាប់ជួសជុលកំពូលស្រួចនោះ តែរឿងនេះបានធ្វើឲ្យខ្ញុំគិតដល់បញ្ហាខាងវិញ្ញាណដែលយើងជួបប្រទះជាញឹកញាប់។ ជារឿយៗ គេគិតថា ព្រះវិហារជាកន្លែង ដែលអ្វីៗគួរតែមានភាពល្អឥតខ្ចោះ ពោលគឺគេគិតថា ព្រះវិហារមិនមែនជាកន្លែង ដែលយើងអាចបង្ហាញចេញនូវភាពវៀចវេររបស់យើងទេ។ តើការគិតដូចនេះ ត្រឹមត្រូវឬទេ?
ប៉ុន្តែ ក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាប និងពេញដោយភាពប្រេះស្រាំ យើងរាល់គ្នាសុទ្ធតែមានចិត្តវៀចវេរ ដោយយើងម្នាក់ៗមានចំណុចខ្សោយពីកំណើត។ យើងប្រហែលជាចង់លាក់បាំងភាពកម្សោយរបស់យើង ប៉ុន្តែ ព្រះគម្ពីរបានលើកទឹកចិត្តយើងឲ្យធ្វើផ្ទុយពីនេះ។ ឧទាហរណ៍ ក្នុងបទគម្ពីរ ២កូរិនថូស ជំពូក១២ សាវ័កប៉ុលបាននិយាយអំពីបន្លានៅក្នុងសាច់ សំដៅទៅលើបញ្ហារបស់គាត់ ដែលគាត់មិនបានប្រាប់ថា ជាបញ្ហាអ្វី តែជាភាពកម្សោយ ដែលភាគច្រើនព្រះគ្រីស្ទបានប្រើ ដើម្បីបង្ហាញអំណាចចេស្តារបស់ទ្រង់។ ព្រះយេស៊ូវក៏បានប្រាប់សាវ័កប៉ុលថា “អំណាចរបស់ទ្រង់បានពេញខ្នាត ក្នុងសេចក្តីកម្សោយរបស់គាត់”(ខ.៩)។ ដូចនេះសាវ័កប៉ុលក៏បានសន្និដ្ឋានថា “ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្តីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្តីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(ខ.១០)។
យើងប្រហែលជាមិនចូលចិត្តចំណុចខ្វះខាតរបស់យើងទេ ប៉ុន្តែ ការព្យាយាមលាក់បាំងចំណុចខ្វះខាតរបស់យើង គឺមិនខុសពីការបដិសេធមិនឲ្យព្រះយេស៊ូវធ្វើការក្នុងភាពកម្សោយរបស់យើងនោះឡើយ។ ពេលដែលយើងយាងព្រះយេស៊ូវ ចូលមកកែប្រែភាពវៀចវេររបស់យើង ទ្រង់នឹងជួសជុល ហើយប្រោសលោះយើង តាមរបៀប ដែលយើងមិនអាចធ្វើ ដោយពឹងផ្អែកកម្លាំងខ្លួនឯងបាន។—ADAM HOLZ