ពេល​ដែល​កំពូល​ស្រួច​របស់​ព្រះវិហារ​បាន​វៀច គេ​ក៏​មាន​ការ​ព្រួយ​បារម្ភ។ កាល​យើង​ទៅ​លេង​មិត្ត​ភក្តិ​យើង ពួក​គេបាន​ចែក​ចាយ​ថា កំពូល​ស្រួច​របស់​ព្រះ​វិហារ​របស់​ពួក​គេ​បាន​វៀច ដោយ​សារ​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ​បាន​បក់​មក ហើយ​គេ​ក៏​បាន​ធ្វើ​ការ​ដាស់​តឿន​ខ្លះ​ៗ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

ព្រះវិហារ​នោះ​ក៏​បាន​ប្រញាប់​ជួស​ជុល​កំពូល​ស្រួច​នោះ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​បញ្ហា​ខាង​វិញ្ញាណ​ដែល​យើង​ជួប​ប្រទះ​ជា​ញឹក​ញាប់។​ ជា​រឿយ​ៗ គេ​គិត​ថា ព្រះ​វិហារ​ជា​កន្លែង ដែល​អ្វី​ៗ​គួរ​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ ពោលគឺ​គេ​គិត​ថា ព្រះ​វិហារ​មិន​មែន​ជា​កន្លែង ដែល​យើង​អាច​បង្ហាញ​ចេញ​នូវ​ភាព​វៀច​វេរ​របស់​យើង​ទេ។ តើ​ការ​គិត​ដូច​នេះ ត្រឹម​ត្រូវ​ឬ​ទេ?

ប៉ុន្តែ ក្នុង​លោកិយ​ដែល​ធ្លាក់​ចូល​ក្នុង​អំពើ​បាប និង​ពេញ​ដោយ​ភាព​ប្រេះស្រាំ យើង​រាល់​គ្នាសុទ្ធ​តែ​មាន​ចិត្ត​វៀច​វេរ ​ដោយ​យើង​ម្នាក់​ៗ​មាន​ចំណុច​ខ្សោយ​ពី​កំណើត។ យើង​ប្រហែល​ជា​ចង់​លាក់​បាំង​ភាព​កម្សោយ​របស់​យើង ប៉ុន្តែ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ផ្ទុយ​ពី​នេះ។ ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​ ២កូរិនថូស ជំពូក​១២ សា​វ័ក​ប៉ុល​បាន​និយាយ​អំពី​បន្លា​នៅ​ក្នុង​សាច់ សំដៅ​ទៅ​លើ​បញ្ហា​របស់​គាត់ ដែល​គាត់​មិន​បាន​ប្រាប់​ថា ជា​បញ្ហា​អ្វី​ តែ​ជា​ភាព​កម្សោយ ដែល​ភាគ​ច្រើន​ព្រះ​គ្រីស្ទ​បាន​ប្រើ ដើម្បី​បង្ហាញ​អំណាច​ចេស្តា​របស់​ទ្រង់។ ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​សាវ័ក​ប៉ុល​ថា “អំណាច​របស់​ទ្រង់​បាន​ពេញ​ខ្នាត ក្នុង​សេចក្តី​កម្សោយ​របស់​គាត់”(ខ.៩)។ ដូច​នេះ​សាវ័ក​ប៉ុល​ក៏​បាន​សន្និ​ដ្ឋាន​ថា “ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្តី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះតិះដៀល ក្នុង​សេចក្តី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន  ហើយ​ក្នុង​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀតចង្អល់ ដោយ​យល់​ដល់​ព្រះគ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(ខ.១០)។

យើង​ប្រហែល​ជា​មិន​ចូល​ចិត្ត​ចំណុច​ខ្វះ​ខាត​របស់​យើង​ទេ ប៉ុន្តែ ការ​ព្យាយាម​លាក់​បាំង​ចំណុច​ខ្វះ​ខាត​របស់​យើង គឺមិន​ខុស​ពី​ការ​បដិសេធ​មិន​ឲ្យ​ព្រះ​យេស៊ូវ​ធ្វើ​ការ​ក្នុង​ភាព​កម្សោយ​របស់​យើង​នោះ​ឡើយ។ ពេល​ដែល​យើង​យាង​ព្រះយេស៊ូវ ចូល​មក​កែ​ប្រែ​ភាព​វៀច​វេរ​របស់​យើង ទ្រង់​នឹង​ជួស​ជុល ហើយ​ប្រោស​លោះ​យើង តាម​របៀប ដែល​យើង​មិន​អាច​ធ្វើ ដោយ​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង​បាន។—ADAM HOLZ