អ្នក​ស្រី​អាហ្កាថា គ្រីស្ទី(Agatha Christie)​ បាន​និពន្ធ​រឿង​ប្រឌិត​បែប​ស៊ើប​អង្កេត ដែល​មាន​ចំណង​ជើង​ថា នាឡិការ ។ រឿង​នេះ​និយាយ​អំពី​គូជំលោះ​ដែល​បាន​ឈាន​ដល់​ការ​សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់។ ពី​ដំបូង​ពួក​គេ​មានផែន​ការ​សម្លាប់​មនុស្ស​តែ​ម្នាក់​ទេ តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន ដើម្បី​លាក់​បាំង​បទ​ឧក្រិដ្ឋ​ដំបូង​របស់​ពួក​គេ។ ពេល​ដែល​អ្នក​ឃុប​ឃិត​ម្នាក់ បាន​ប្រឈម​មុខ​ដាក់​លោក​ផយរ៉ត(Poirot) ដែល​ជាអ្នក​ស៊ើប​អង្កេត អ្នក​នោះ​ក៏​បាន​សារ​ភាព​ថា តាម​ពិត ពី​ដំបូង ពួក​គេ​ចង់​សម្លាប់​មនុស្ស​តែម្នាក់​ទេ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ពួក​អ្នក​ដឹក​នាំ​សាសនា នៅ​សម័យ​ព្រះ​យេស៊ូវ ដែល​បាន​រៀប​គម្រោង​ធ្វើ​គុត​ទ្រង់។ បន្ទាប់​ពី​ទ្រង់​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ(យ៉ូហាន ១១:៣៨-៤៤) ពួក​គេ​ក៏​បាន​ប្រជុំ​គ្នា​ជា​បន្ទាន់ ដើម្បី​រៀបគម្រោង​ធ្វើ​គុត​ទ្រង់(ខ.៤៥-៥៣)។ ប៉ុន្តែ ពួក​គេ​មិន​ឈប់​តែ​ប៉ុណ្ណេះ​ឡើយ។ បន្ទាប់​ពី​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​អ្នក​ដឹក​នាំ​សាសនា​ក៏​បាន​នាំ​គេ​និយាយ​កុហក់ អំពី​រឿង​ដែល​បាន​កើត​ឡើង​នៅ​ផ្នូរ​របស់​ទ្រង់​(ម៉ាថាយ ២៨:១២-១៥)។ បន្ទាប់​មក ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​បំបិទ​មាត់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​(កិច្ចការ ៧:៥៧ ៨:៣)។ ពី​ដំបូង​ពួក​គេ​បាន​រៀប​គម្រោង ទាស់​ប្រឆាំង​នឹង​ព្រះយេស៊ូវ​តែ​មួយ​អង្គ​ទេ ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិរបស់​ពួក​គេ តែ​គម្រោង​របស់​ពួក​គេ​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​កុហក បោក​ប្រាស់​ដែល​បាន​រីក​រាល​ដាល ហើយ​ក៏​បាន​នាំឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ជា​ច្រើន។​

អំពើ​បាប​រុញ​ច្រាន​យើង ឲ្យ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ខុស ដោយ​មិន​ដឹង​ថា ត្រូវ​ឈប់​នៅ​កន្លែង​ណា ប៉ុន្តែ ព្រះ​ជា​ម្ចាស់តែង​តែ​ប្រទាន​នូវ​ផ្លូវ​សម្រាប់​ឲ្យ​យើង​គេច​ចេញ​ពី​ផ្លូវ​ខុស​នោះ។ លោក​កៃផាស​ដែល​ជា​សម្តេច​សង្ឃ​បាន​និយាយ​ថា “បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ”(យ៉ូហាន ១១:៥០) តែ​ពេល​នោះ គាត់​មិន​ដឹង​អំពី​សេចក្តី​ពិត ដែល​មាន​ក្នុង​ពាក្យ​សម្តី​របស់​គាត់​ទេ។ ការ​ឃុប​ឃិត​របស់​អ្នក​ដឹកនាំ​សាសនា​នៅ​ពេល​នោះ បាន​នាំ​ឲ្យ​ព្រះយេស៊ូវ​សុគត តែ​ការ​សុគត​របស់​ទ្រង់​បាន​នាំ​មក​នូវ​ការ​ប្រោស​លោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​បាប។

ព្រះ​យេស៊ូវ​បាន​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​ក្រញាំ​ដ៏​កាច​សាហាវ​របស់​អំពើ​បាប។​ តើ​អ្នក​បាន​ទទួល​សេរីភាព ដែល​ទ្រង់​បាន​ប្រទាន​ហើយ​ឬ​នៅ? —REMI OYEDELE