អ្នកស្រីអាហ្កាថា គ្រីស្ទី(Agatha Christie) បាននិពន្ធរឿងប្រឌិតបែបស៊ើបអង្កេត ដែលមានចំណងជើងថា នាឡិការ ។ រឿងនេះនិយាយអំពីគូជំលោះដែលបានឈានដល់ការសម្លាប់មនុស្សជាបន្តបន្ទាប់។ ពីដំបូងពួកគេមានផែនការសម្លាប់មនុស្សតែម្នាក់ទេ តែក្រោយមក ពួកគេក៏បានចាប់ផ្តើមសម្លាប់មនុស្សកាន់តែច្រើន ដើម្បីលាក់បាំងបទឧក្រិដ្ឋដំបូងរបស់ពួកគេ។ ពេលដែលអ្នកឃុបឃិតម្នាក់ បានប្រឈមមុខដាក់លោកផយរ៉ត(Poirot) ដែលជាអ្នកស៊ើបអង្កេត អ្នកនោះក៏បានសារភាពថា តាមពិត ពីដំបូង ពួកគេចង់សម្លាប់មនុស្សតែម្នាក់ទេ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីពួកអ្នកដឹកនាំសាសនា នៅសម័យព្រះយេស៊ូវ ដែលបានរៀបគម្រោងធ្វើគុតទ្រង់។ បន្ទាប់ពីទ្រង់បានប្រោសឡាសាឲ្យរស់ឡើងវិញ(យ៉ូហាន ១១:៣៨-៤៤) ពួកគេក៏បានប្រជុំគ្នាជាបន្ទាន់ ដើម្បីរៀបគម្រោងធ្វើគុតទ្រង់(ខ.៤៥-៥៣)។ ប៉ុន្តែ ពួកគេមិនឈប់តែប៉ុណ្ណេះឡើយ។ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពួកអ្នកដឹកនាំសាសនាក៏បាននាំគេនិយាយកុហក់ អំពីរឿងដែលបានកើតឡើងនៅផ្នូររបស់ទ្រង់(ម៉ាថាយ ២៨:១២-១៥)។ បន្ទាប់មក ពួកគេក៏បានចាប់ផ្តើមយុទ្ធនាការបំបិទមាត់អ្នកដើរតាមព្រះយេស៊ូវ(កិច្ចការ ៧:៥៧ ៨:៣)។ ពីដំបូងពួកគេបានរៀបគម្រោង ទាស់ប្រឆាំងនឹងព្រះយេស៊ូវតែមួយអង្គទេ ដើម្បីបុព្វហេតុប្រទេសជាតិរបស់ពួកគេ តែគម្រោងរបស់ពួកគេក៏បានប្រែក្លាយជាការកុហក បោកប្រាស់ដែលបានរីករាលដាល ហើយក៏បាននាំឲ្យមានការសម្លាប់មនុស្សជាច្រើន។
អំពើបាបរុញច្រានយើង ឲ្យធ្វើដំណើរទៅតាមផ្លូវខុស ដោយមិនដឹងថា ត្រូវឈប់នៅកន្លែងណា ប៉ុន្តែ ព្រះជាម្ចាស់តែងតែប្រទាននូវផ្លូវសម្រាប់ឲ្យយើងគេចចេញពីផ្លូវខុសនោះ។ លោកកៃផាសដែលជាសម្តេចសង្ឃបាននិយាយថា “បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ”(យ៉ូហាន ១១:៥០) តែពេលនោះ គាត់មិនដឹងអំពីសេចក្តីពិត ដែលមានក្នុងពាក្យសម្តីរបស់គាត់ទេ។ ការឃុបឃិតរបស់អ្នកដឹកនាំសាសនានៅពេលនោះ បាននាំឲ្យព្រះយេស៊ូវសុគត តែការសុគតរបស់ទ្រង់បាននាំមកនូវការប្រោសលោះមនុស្សជាតិឲ្យរួចពីបាប។
ព្រះយេស៊ូវបានសង្រ្គោះយើងឲ្យរួចពីក្រញាំដ៏កាចសាហាវរបស់អំពើបាប។ តើអ្នកបានទទួលសេរីភាព ដែលទ្រង់បានប្រទានហើយឬនៅ? —REMI OYEDELE