ការឃ្លានអាហារ ធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទ្រាំ។ គ្រូរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំ ឲ្យអធិស្ឋានតម ដើម្បីផ្តោតទៅលើព្រះជាម្ចាស់។ ប៉ុន្តែ ពេលដែលការអធិស្ឋានតមបានកន្លងផុតទៅកាន់តែយូរ នៅថ្ងៃនោះ ខ្ញុំក៏បានឆ្ងល់ថា តើព្រះយេស៊ូវបានអធិស្ឋានតម៤០ថ្ងៃ ដោយរបៀបណា? ខ្ញុំមានការពិបាក នៅក្នុងការពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបាននូវសន្តិភាព កម្លាំង និងការអត់ធ្មត់។ ជាពិសេសគឺការអត់ធ្មត់តែម្តង។
បើយើងមានសុខភាពផ្លូវកាយល្អ ការអធិស្ឋានតមអាចបង្រៀនយើង អំពីសារៈសំខាន់នៃអាហារខាងវិញ្ញាណរបស់យើង។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ”(ម៉ាថាយ ៤:៤)។ ដូចដែលខ្ញុំបានដឹងពីដំបូង ការអធិស្ឋានតមតែម្យ៉ាង គឺមិនគ្រប់គ្រាន់ល្មមនឹងនាំយើងចូលទៅជិតព្រះជាម្ចាស់ឡើយ!
តាមពិត ព្រះជាម្ចាស់ធ្លាប់ប្រាប់រាស្រ្តទ្រង់ តាមរយៈហោរាសាការីថា ការអធិស្ឋានតមរបស់ពួកគេ គ្មានប្រយោជន៍ទេ ព្រោះវាមិនបាននាំឲ្យមានការបម្រើដល់អ្នកក្រីក្រ។ ព្រះជាម្ចាស់បានសួរត្រង់ៗថា តើពួកគេពិតជាបានអធិស្ឋានតម ដើម្បីទ្រង់មែនឬ?(សាការី ៧:៥)។
សំណួររបស់ព្រះជាម្ចាស់ត្រង់ចំណុចនេះ បានបង្ហាញថា ជាបឋម បញ្ហានៃការអធិស្ឋានតមរបស់ពួកគេ មិនមែនបណ្តាលមកពីបញ្ហាក្រពះរបស់ពួកគេនោះទេ តែគឺដោយសារតែចិត្តរបស់ពួកគេគ្មានក្តីស្រឡាញ់។ ពួកគេបានបន្តបម្រើតែខ្លួនឯង បានជាពួកគេមិនបានចូលទៅជិតព្រះទ័យព្រះ។ ដូចនេះ ទ្រង់ក៏បានជំរុញពួកគេឲ្យ “សំរេចតាមសេចក្តីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្តីសប្បុរស និងសេចក្តីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ។ កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ”(ខ.៩-១០)។
គោលដៅរបស់យើង នៅក្នុងការលត់ដំខាងវិញ្ញាណ គឺដើម្បីចូលទៅជិតព្រះយេស៊ូវ។ ខណៈពេលដែលយើងមានការលូតលាស់កាន់តែមានលក្ខណៈដូចទ្រង់ យើងនឹងមានចិត្តស្រឡាញ់អ្នកដែលទ្រង់ស្រឡាញ់។—TIM GUSTAFSON