ការ​ឃ្លាន​អាហារ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ទ្រាំ។ គ្រូ​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​អធិស្ឋាន​តម ដើម្បី​ផ្តោត​ទៅ​លើព្រះ​ជា​ម្ចាស់។​ ប៉ុន្តែ ពេល​ដែល​ការ​អធិស្ឋាន​តម​បាន​កន្លង​ផុត​ទៅ​កាន់​តែ​យូរ នៅ​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ព្រះយេស៊ូវ​បាន​អធិស្ឋាន​តម​៤០​ថ្ងៃ ដោយ​របៀប​ណា?​ ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ទទួល​បាន​នូវ​សន្តិ​ភាព កម្លាំង និង​ការ​អត់​ធ្មត់។ ជា​ពិសេស​គឺ​ការ​អត់​ធ្មត់​តែ​ម្តង។

បើ​យើង​មាន​សុខ​ភាព​ផ្លូវ​កាយ​ល្អ ការ​អធិស្ឋាន​តម​អាច​បង្រៀន​យើង អំពី​សារៈសំខាន់​នៃ​អាហារ​ខាង​វិញ្ញាណ​របស់​យើង។ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ងប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ”(ម៉ាថាយ ៤:៤)។ ដូច​ដែល​ខ្ញុំ​បាន​ដឹង​ពី​ដំបូង ការអធិស្ឋាន​តម​តែ​ម្យ៉ាង គឺ​មិន​គ្រប់​គ្រាន់​ល្មម​នឹង​នាំ​យើង​ចូល​ទៅ​ជិត​ព្រះ​ជា​ម្ចាស់​ឡើយ!

តាម​ពិត ព្រះ​ជា​ម្ចាស់​ធ្លាប់​ប្រាប់​រាស្រ្ត​ទ្រង់ តាម​រយៈ​ហោរា​សាការី​ថា ការ​អធិស្ឋាន​តម​របស់​ពួក​គេ គ្មាន​ប្រយោជន៍​ទេ ព្រោះ​វា​មិន​បាន​នាំ​ឲ្យ​មាន​ការ​បម្រើ​ដល់​អ្នក​ក្រី​ក្រ។​ ព្រះ​ជា​ម្ចាស់​បាន​សួរ​ត្រង់​ៗ​ថា តើ​ពួក​គេ​ពិត​ជា​បាន​អធិស្ឋាន​តម ដើម្បី​ទ្រង់​មែន​ឬ?(សាការី ៧:៥)។

សំណួរ​របស់​ព្រះ​ជា​ម្ចាស់​ត្រង់​ចំណុច​នេះ បាន​បង្ហាញ​ថា ជា​បឋម បញ្ហា​នៃ​ការ​អធិស្ឋាន​តម​របស់​ពួក​គេ មិន​មែន​បណ្តាល​មក​ពី​បញ្ហា​ក្រពះ​របស់​ពួក​គេ​នោះ​ទេ តែ​គឺ​ដោយសារ​តែ​ចិត្ត​របស់​ពួក​គេ​គ្មាន​ក្តី​ស្រឡាញ់។​ ពួក​គេ​បាន​បន្ត​បម្រើ​តែ​ខ្លួន​ឯង បាន​ជា​ពួក​គេ​មិន​បាន​ចូល​ទៅ​ជិត​ព្រះ​ទ័យ​ព្រះ។ ដូច​នេះ ទ្រង់​ក៏​បាន​ជំរុញ​ពួក​គេ​ឲ្យ “​សំរេច​តាម​សេចក្តី​យុត្តិធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។ កុំ​ឲ្យ​សង្កត់សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័លក្រ​ឡើយ”(ខ.៩-១០)។ ​

គោលដៅ​របស់​យើង នៅ​ក្នុង​ការ​លត់​ដំ​ខាង​វិញ្ញាណ គឺ​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេស៊ូវ។ ខណៈ​ពេល​ដែល​យើង​មាន​ការ​លូត​លាស់​កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់ យើង​នឹង​មាន​ចិត្ត​ស្រឡាញ់​អ្នក​ដែល​ទ្រង់​ស្រឡាញ់។—TIM GUSTAFSON