អ្នក​ស្រី​លីសា(Lisa) មិន​មាន​ចិត្ត​អាណិត​ចំពោះ​អ្នក​ដែល​ផឹត​ក្បត់​ឡើយ។ តែ​មាន​ពេល​មួយ​ នាង​ក៏​មាន​ការ​មិនពេញ​ចិត្ត​នឹង​ជីវិត​អាពាហ៍ពិ​ពាហ៍​របស់​នាង​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ព្យាយាម​ជម្នះ​ចិត្ត ដែល​មាន​ការ​ទាក់​ទាញ​ឲ្យប្រព្រឹត្ត​អំពើ​កំផឹត។ បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​នេះ​បាន​ជួយ​ឲ្យ​នាង​មាន​ការ​អាណិត​ចំពោះ​អ្នក​ដទៃ និង​មាន​ការយល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ព្រះ​បន្ទូល​របស់​ព្រះយេស៊ូវ ដែល​បាន​ចែង​ថា “អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ”(យ៉ូហាន ៨:៧)។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ កាល​ទ្រង់​កំពុង​បង្រៀន​នៅ​ក្នុង​ទីធ្លា​ព្រះវិហារ។ ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា “រីឯ​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច?”(ខ.៥)។ ដោយសារ​ពួក​គេ​ចាត់​ទុក​ទ្រង់ ជា​ការ​គំរាម​កំហែង ចំពោះ​អំណាច​របស់​ពួក​គេ ពួក​គេ​បាន​សួរ​ទ្រង់​ដូច​នេះ ធ្វើ​ជា​អន្ទាក់ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​(ខ.៦) ហើយ​កំចាត់​ទ្រង់​ចោល​តែ​ប៉ុណ្ណោះ។

ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ”។ ពេល​នោះ​ ក្នុងចំណោម​អ្នក​ដែល​ចោទ​ប្រកាន់​នាង គ្មាន​នរណា​ម្នាក់​ហ៊ាន​រើស​ថ្ម ចោល​នាង​សម្លាប់​នោះ​ឡើយ។ ពួក​គេ​ក៏​បាន​ដើរ​ចេញ​ម្នាក់​ម្តង​ៗ។

មុន​ពេល​យើង​ថ្កោល​ទោស​អ្នក​ដទៃ​ដោយ​ការ​រិះ​គន់ ដោយ​មិន​បាន​ពិនិត្យ​មើល​អំពើ​បាប​របស់​យើង ចូរ​យើង​ចាំ​ថា យើង​ម្នាក់​ៗ​សុទ្ធ​តែ “ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​ជា​ម្ចាស់”(រ៉ូម ៣:២៣)។ ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​មិន​បាន​ថ្កោលទោស​ស្រ្តី​នេះ ក៏​ដូច​ជា​យើង​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​ព្រះ​គុណ និង​ក្តី​សង្ឃឹម​(យ៉ូហាន ៣:១៦ ៨:១០-១១)។ ដូច​នេះ ចូរ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ យ៉ាង​ដូច​នេះ​ផង​ដែរ។—ALYSON KIEDA