អ្នកស្រីលីសា(Lisa) មិនមានចិត្តអាណិតចំពោះអ្នកដែលផឹតក្បត់ឡើយ។ តែមានពេលមួយ នាងក៏មានការមិនពេញចិត្តនឹងជីវិតអាពាហ៍ពិពាហ៍របស់នាងយ៉ាងខ្លាំង ហើយក៏បានព្យាយាមជម្នះចិត្ត ដែលមានការទាក់ទាញឲ្យប្រព្រឹត្តអំពើកំផឹត។ បទពិសោធន៍ដ៏ឈឺចាប់នេះបានជួយឲ្យនាងមានការអាណិតចំពោះអ្នកដទៃ និងមានការយល់ដឹងកាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែងថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”(យ៉ូហាន ៨:៧)។
ព្រះយេស៊ូវបានមានបន្ទូលដូចនេះ កាលទ្រង់កំពុងបង្រៀននៅក្នុងទីធ្លាព្រះវិហារ។ ពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា “រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច?”(ខ.៥)។ ដោយសារពួកគេចាត់ទុកទ្រង់ ជាការគំរាមកំហែង ចំពោះអំណាចរបស់ពួកគេ ពួកគេបានសួរទ្រង់ដូចនេះ ធ្វើជាអន្ទាក់ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់(ខ.៦) ហើយកំចាត់ទ្រង់ចោលតែប៉ុណ្ណោះ។
ទ្រង់ក៏បានឆ្លើយតបថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”។ ពេលនោះ ក្នុងចំណោមអ្នកដែលចោទប្រកាន់នាង គ្មាននរណាម្នាក់ហ៊ានរើសថ្ម ចោលនាងសម្លាប់នោះឡើយ។ ពួកគេក៏បានដើរចេញម្នាក់ម្តងៗ។
មុនពេលយើងថ្កោលទោសអ្នកដទៃដោយការរិះគន់ ដោយមិនបានពិនិត្យមើលអំពើបាបរបស់យើង ចូរយើងចាំថា យើងម្នាក់ៗសុទ្ធតែ “ខ្វះមិនដល់សិរីល្អរបស់ព្រះជាម្ចាស់”(រ៉ូម ៣:២៣)។ ព្រះអង្គសង្រ្គោះរបស់យើងមិនបានថ្កោលទោសស្រ្តីនេះ ក៏ដូចជាយើងរាល់គ្នាឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញចេញនូវព្រះគុណ និងក្តីសង្ឃឹម(យ៉ូហាន ៣:១៦ ៨:១០-១១)។ ដូចនេះ ចូរយើងប្រព្រឹត្តចំពោះអ្នកដទៃ យ៉ាងដូចនេះផងដែរ។—ALYSON KIEDA