កាល​ពី​រដូវ​ក្តៅ នៃ​ឆ្នាំ១៩៦៣ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ពេញ​មួយ​យប់​ អ្នក​ស្រី​ហ្វេនី លូ ហេមើ(Fannie Lou Hamer) ដែល​ជា​សកម្ម​ជន​សិទ្ធិ​ពល​រដ្ឋ និង​អ្នក​ដំណើរ​ដែល​ជា​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​៦​នាក់​ទៀត ក៏​បានឈប់ ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច ក្នុង​ក្រុង​វីណូណា​ រដ្ឋ​មីស៊ីស៊ីពី។ បន្ទាប់ពី​ពួក​អាជ្ញាធរ​ក្នុង​តំបន់ បាន​បង្ខំ​ពួក​គេ​ឲ្យ​ចាក​ចេញ ពួក​គេ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ចាប់​ដាក់​គុក។ ប៉ុន្តែ ការ​បន្ទាប​បន្ថោក​នេះ មិន​បាន​បញ្ចប់​ដោយ​គ្រាន់​តែការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​នេះ​ឡើយ។ ពួក​គេ​ម្នាក់​ៗ​ក៏​ត្រូវ​គេ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ អ្នក​ស្រីហ្វេនី​បាន​ទទួល​រងធ្ងន់​ជាង​គេ។ បន្ទាប់ពី​ការ​វាយ​ប្រហារ​ដ៏​សាហាវ ដែល​ស្ទើរ​តែ​ឆក់​យក​ជីវិត​គាត់ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “សាវ័ក​ប៉ុល និងលោកស៊ីឡាស​ បានជាប់គុក ចូរ​ឲ្យ​រាស្រ្ត​របស់​យើង​ចេញ​ទៅ”។ ពេល​នោះ នាង​មិន​ច្រៀង​តែ​ម្នាក់​ឯងទេ​។​ អ្នក​ទោស​ដទៃ​ទៀត ក៏​បាន​ចូល​រួម​ថ្វាយ​បង្គំ​ជា​មួយ​គាត់​ផង​ដែរ ព្រោះ​ពួក​គេ​ជាប់​ឃុំ​តែ​រូបកាយ តែ​មិន​បាន​ជាប់​ឃុំខាង​វិញ្ញាណ​ឡើយ។

តាម​បទ​គម្ពីរ​កិច្ចការ ជំពូក១៦ សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​បាន​ជួប​ការ​ពិបាក​ជា​ច្រើន ពេល​ដែល​ពួក​គេ​ជាប់​គុក ដោយសារ​ការ​និយាយ​ប្រាប់​អ្នក​ដទៃ អំពី​ព្រះ​យេស៊ូវ។ ប៉ុន្តែ ទុក្ខ​លំបាក​មិន​បាន​បង្អាក់​សេចក្តី​ជំនឿ​របស់​ពួក​គេ​ឡើយ​។ “លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ”(ខ.២៥)។ ​ការ​ថ្វាយ​បង្គំ​ដោយ​ចិត្ត​ក្លាហាន នៅ​ក្នុង​គុក​យ៉ាង​ដូច​នេះ បាន​ផ្តល់​ឱកាសឲ្យ​ពួក​គេ​ថ្លែង​ប្រាប់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ។​ “គេ​ក៏​ផ្សាយ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដល់​អ្នកយាមគុក និង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ”(ខ.៣២)។

មនុស្ស​ភាគ​ច្រើន មិន​ទំនង​ជា​ជួប​កាលៈ​ទេសៈ​ដែល​ពិបាក​ខ្លាំង​ដូច​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស ឬ​ដូច​អ្នក​ស្រីហ្វេនី​ទេ ប៉ុន្តែ យើង​ម្នាក់​ៗ​នឹង​ជួប​ប្រទះ​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ។​ ពេល​ដែល​យើង​ជួប​រឿង​បែបនេះ យើង​អាច​ស្វែង​រក​កម្លាំង​មក​ពី​ព្រះ​ដ៏​ស្មោះ​ត្រង់​របស់​យើង។ ចូរ​យើង​បន្លឺ​សម្លេង​ច្រៀង​ក្នុង​ចិត្ត​យើង ដែល​នឹងថ្វាយ​ព្រះកិត្តិ​នាម​ដល់​ទ្រង់ ហើយ​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ថ្លែង​ប្រាប់​អំពី​ទ្រង់ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មាន​ការពិបាក​ក៏​ដោយ។—ARTHUR JACKSON