កាល​អើរ៉ុន(មិន​មែន​ឈ្មោះ​ពិត​របស់​គាត់) មាន​អាយុ​១៥​ឆ្នាំ គាត់​បាន​ចាប់​ផ្តើម​អធិស្ឋាន​ទៅ​សាតាំង។ គាត់​មាន​អារម្មណ៍​ថា សាតាំង​គឺ​ជា​ដៃ​គូ​របស់​គាត់។ អើរ៉ុន​ក៏​បាន​ចាប់​ផ្តើម​កុហក់ លួច និង​បោក​ប្រាស់​ក្រុម​គ្រួសារ និង​មិត្ត​ភក្កិ​គាត់។ គាត់​ក៏​មាន​សុបិន​អាក្រក់​ផង​ដែរ។ គាត់​បាន​ក្រោក​ឡើង នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ហើយ​ក៏​បាន​ឃើញ​អារក្ស​នៅចុង​ជើង​គាត់។ វា​ប្រាប់​គាត់​ថា គាត់​នឹង​ប្រឡង​ជាប់ ហើយ​បន្ទាប់​មក គាត់​នឹង​ស្លាប់។ តែ​គាត់​ក៏​បាន​ប្រឡង​ជាប់ ហើយ​នៅ​មាន​ជីវិត​រស់។ អើរ៉ុន​ក៏​បាន​រំឭក​ថា ក្រោយ​មក គាត់​ក៏​បាន​ដឹង​ច្បាស់​ថា សាតាំង​គឺ​ជា​អ្នក​កំភូត។

ដោយសារ​គាត់​ចង់​ទៅ​ជួប​ស្រី​ៗ គាត់​ក៏​បាន​ទៅ​ចូល​រួម​កម្ម​វិធី​បុណ្យ​របស់​គ្រីស្ទ​បរិស័ទ ដែល​នៅ​ទីនោះ មាន​បុរសម្នាក់​បាន​សុំ​អធិស្ឋាន​ឲ្យ​គាត់។​ គាត់​ថា ពេល​បុរស​នោះ​អធិស្ឋាន​ឲ្យ​គាត់ គាត់​មានអារម្មណ៍​ថា សន្តិ​ភាព​បាន​ជ្រួត​ជ្រាប​ពេញ​ខ្លួន​គាត់។​ គាត់​មាន​អារម្មណ៍​ថា គាត់​បាន​ពិសោធន៍​នឹង​អំណាច​ដែល​ខ្លាំង​ជាង និង​មាន​សេរីភាព​ជាង អំណាច​របស់​សាតាំង។​ បុរស​ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់​នោះ បាន​ប្រាប់​គាត់​ថា ព្រះ​ជា​ម្ចាស់​មាន​ផែន​ការ សម្រាប់គាត់ ហើយ​សាតាំង​គឺ​ជា​អ្នក​កុហក។ សម្តី​របស់​បុរស​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​សាតាំង ពេល​ដែល​ទ្រង់​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់​ថា សាតាំង​គឺ​ជា​អ្នក​កំភូត និង​ជា​ឪពុក​នៃ​សេចក្តី​កំភូត​(យ៉ូហាន ៨:៤៤)។

អើរ៉ុន​ក៏​បាន​ងាក​ចេញ​ពី​សាតាំង ហើយ​បែរ​មក​រក​ព្រះគ្រីស្ទ​វិញ​។ សព្វ​ថ្ងៃ​នេះ​គាត់​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជា​ម្ចាស់(ខ.៤៧)។ គាត់​បាន​ធ្វើ​ការ​បម្រើ​ទ្រង់ ក្នុង​សហគមន៍​នៅ​ទីក្រុង ដោយ​ចែក​ចាយ អំពី​ការ​ផ្លាស់​ប្រែ ដែល​ទទួល​បានពី​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។​ គាត់​ក៏​បាន​ធ្វើ​បន្ទាល់​អំពី​អំណាច​របស់​ព្រះ​ជា​ម្ចាស់ ដែល​អាច​ជួយ​សង្រ្គោះ គឺ​ដូច​ដែលគាត់​បាន​ថ្លែង​ប្រាប់​គេ​ថា ខ្ញុំ​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា ព្រះ​ជា​ម្ចាស់​បាន​សង្រ្គោះ​ជីវិត​ខ្ញុំ។

ព្រះ​ជា​ម្ចាស់​ជា​ប្រភព​នៃ​ការ​គ្រប់​យ៉ាង ដែល​ល្អ បរិសុទ្ធ និង​ពិត។​ យើង​អាច​ងាក​មក​រក​ទ្រង់ ដើម្បី​ស្វែង​រក​សេចក្តី​ពិត​។—AMY BOUCHER PYE