កាលពីរដូវក្តៅ នៃឆ្នាំ១៩៦៣ បន្ទាប់ពីការធ្វើដំណើរតាមឡានក្រុងពេញមួយយប់ អ្នកស្រីហ្វេនី លូ ហេមើ(Fannie Lou Hamer) ដែលជាសកម្មជនសិទ្ធិពលរដ្ឋ និងអ្នកដំណើរដែលជាជនជាតិអាមេរិកស្បែកខ្មៅ៦នាក់ទៀត ក៏បានឈប់ ដើម្បីញាំអាហារពេលល្ងាច ក្នុងក្រុងវីណូណា រដ្ឋមីស៊ីស៊ីពី។ បន្ទាប់ពីពួកអាជ្ញាធរក្នុងតំបន់ បានបង្ខំពួកគេឲ្យចាកចេញ ពួកគេក៏ត្រូវបានចាប់ខ្លួន ហើយចាប់ដាក់គុក។ ប៉ុន្តែ ការបន្ទាបបន្ថោកនេះ មិនបានបញ្ចប់ដោយគ្រាន់តែការចាប់ខ្លួនដោយខុសច្បាប់នេះឡើយ។ ពួកគេម្នាក់ៗក៏ត្រូវគេវាយដំយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អ្នកស្រីហ្វេនីបានទទួលរងធ្ងន់ជាងគេ។ បន្ទាប់ពីការវាយប្រហារដ៏សាហាវ ដែលស្ទើរតែឆក់យកជីវិតគាត់ គាត់ក៏បានបន្លឺសម្លេងច្រៀងថា “សាវ័កប៉ុល និងលោកស៊ីឡាស បានជាប់គុក ចូរឲ្យរាស្រ្តរបស់យើងចេញទៅ”។ ពេលនោះ នាងមិនច្រៀងតែម្នាក់ឯងទេ។ អ្នកទោសដទៃទៀត ក៏បានចូលរួមថ្វាយបង្គំជាមួយគាត់ផងដែរ ព្រោះពួកគេជាប់ឃុំតែរូបកាយ តែមិនបានជាប់ឃុំខាងវិញ្ញាណឡើយ។
តាមបទគម្ពីរកិច្ចការ ជំពូក១៦ សាវ័កប៉ុល និងលោកស៊ីឡាសបានជួបការពិបាកជាច្រើន ពេលដែលពួកគេជាប់គុក ដោយសារការនិយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ ប៉ុន្តែ ទុក្ខលំបាកមិនបានបង្អាក់សេចក្តីជំនឿរបស់ពួកគេឡើយ។ “លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ”(ខ.២៥)។ ការថ្វាយបង្គំដោយចិត្តក្លាហាន នៅក្នុងគុកយ៉ាងដូចនេះ បានផ្តល់ឱកាសឲ្យពួកគេថ្លែងប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ “គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់អ្នកយាមគុក និងពួកគ្រួគាត់ទាំងអស់ដែរ”(ខ.៣២)។
មនុស្សភាគច្រើន មិនទំនងជាជួបកាលៈទេសៈដែលពិបាកខ្លាំងដូចសាវ័កប៉ុល និងលោកស៊ីឡាស ឬដូចអ្នកស្រីហ្វេនីទេ ប៉ុន្តែ យើងម្នាក់ៗនឹងជួបប្រទះស្ថានភាពដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ពេលដែលយើងជួបរឿងបែបនេះ យើងអាចស្វែងរកកម្លាំងមកពីព្រះដ៏ស្មោះត្រង់របស់យើង។ ចូរយើងបន្លឺសម្លេងច្រៀងក្នុងចិត្តយើង ដែលនឹងថ្វាយព្រះកិត្តិនាមដល់ទ្រង់ ហើយមានចិត្តក្លាហាន នៅក្នុងការថ្លែងប្រាប់អំពីទ្រង់ សូម្បីតែនៅក្នុងពេលដែលមានការពិបាកក៏ដោយ។—ARTHUR JACKSON