ក្នុងចំណោមរូបចម្លាក់មនុស្សប្រុស(ដែលមានលោកនេសិន មែនដេឡា លោកវិនស្តុន ឈើឈីល លោកមហាត្មៈ គន្ធី និងអ្នកដទៃទៀត) ក្នុងទីធ្លារដ្ឋសភានៅទីក្រុងឡុងដ៏ មានរូបចម្លាក់របស់ស្រ្តីម្នាក់ ដែលឈរនៅតែម្នាក់ឯង។ រូបចម្លាក់ដែលឈរម្នាក់ឯងនោះ គឺជារូបចម្លាក់អ្នកស្រី មីលីសិន ហ្វាសេត(Millicent Fawcett) ដែលបានតស៊ូនៅក្នុងការទាមទាឲ្យស្រ្តីមានសិទ្ធិបោះឆ្នោត។ រូបចម្លាក់របស់គាត់ត្រូវបានគេធ្វើពីលង្ហិន ដោយកាន់ទង់ជ័យមួយ ដែលមានសរសេរអក្សរពីលើ ទៅដល់អ្នកទាមទាសិទ្ធិជាមួយគាត់ថា “សេចក្តីក្លាហានមួយ អំពាវនាវឲ្យមានសេចក្តីក្លាហាននៅគ្រប់ទិសទី”។ ត្រង់ចំណុចនេះ អ្នកស្រីហ្វាសេតចង់មានន័យថា សេចក្តីក្លាហានរបស់មនុស្សម្នាក់ជំរុញឲ្យអ្នកដទៃទៀតមានចិត្តក្លាហានផងដែរ។
ខណៈពេលដែលស្តេចដាវីឌបានត្រៀមខ្លួនផ្ទេររាជឲ្យបុត្រាទ្រង់ ព្រះនាមសាឡូម៉ូន ទ្រង់ក៏បានធ្វើការពន្យល់អំពីការទទួលខុសត្រូវដ៏ធ្ងន់ ដែលនឹងធ្លាក់មកលើស្មាបុត្រាអង្គនេះ។ ជាការពិតណាស់ ស្តេចសាឡូម៉ូនក៏បានទទួលបន្ទុកដ៏ធ្ងន់ នៅក្នុងការដឹកនាំប្រទេស ដែលរាប់បញ្ចូលទំាងការដឹកនាំរាស្រ្តអ៊ីស្រាអែល ឲ្យដើរតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ និងការពារទឹកដីដែលព្រះជាម្ចាស់បានប្រទានពួកគេ ហើយមើលការខុសត្រូវការសាងសង់ព្រះវិហារ ដែលជាកិច្ចការដ៏ធំ(១របាក្សត្រ ២៨:៨-១០)។
ស្តេចដាវីឌបានជ្រាបថា សាឡូម៉ូនមានចិត្តដែលញ័រភ័យ បានជាទ្រង់លើកទឹកចិត្តសាឡូម៉ូនថា “ចូរមានកំឡាំង និងចិត្តក្លាហានឡើង ហើយធ្វើសំរេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង”(ខ.២០)។ សេចក្តីក្លាហានដ៏ពិតរបស់ស្តេចសាឡូម៉ូន មិនបានកើតចេញពីជំនាញ ឬទំនុកចិត្តរបស់ទ្រង់ឡើយ តែបានកើតចេញពីការពឹងផ្អែកលើព្រះវត្តមាន និងកម្លាំងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រទានសេចក្តីក្លាហានដែលស្តេចសាឡូម៉ូនត្រូវការ។
ពេលដែលយើងជួបទុក្ខលំបាក ជាញឹកញាប់ យើងព្យាយាមតាំងចិត្តឲ្យក្លាហាន ឬកំឡាចិត្តខ្លួនឯងឲ្យក្លាហាន។ ទោះជាយ៉ាងណាក៏ដោយ មានតែព្រះជាម្ចាស់ទេដែលអាចប្រទានសេចក្តីក្លាហានដ៏ពិត ដោយជួយឲ្យយើងមានជំនឿឡើងវិញ។ ទ្រង់នឹងគង់នៅជាមួយយើង។ ហើយព្រះវត្តមានទ្រង់ជួយឲ្យយើងមានចិត្តក្លាហានឡើង។—WINN COLLIER