ក្នុង​ចំណោម​រូប​ចម្លាក់​មនុស្ស​ប្រុស(ដែល​មាន​លោក​នេសិន មែនដេឡា លោក​វិនស្តុន ឈើឈីល លោក​មហាត្មៈ គន្ធី និង​អ្នក​ដទៃ​ទៀត) ក្នុង​ទីធ្លា​រដ្ឋ​សភានៅ​ទីក្រុង​ឡុងដ៏ មាន​រូប​ចម្លាក់​របស់​ស្រ្តី​ម្នាក់ ដែល​ឈរ​នៅ​តែ​ម្នាក់​ឯង។ រូប​ចម្លាក់​ដែល​ឈរ​ម្នាក់​ឯង​នោះ គឺ​ជា​រូប​ចម្លាក់​អ្នក​ស្រី មីលីសិន ហ្វាសេត(Millicent Fawcett) ដែល​បាន​តស៊ូនៅ​ក្នុង​ការ​ទាម​ទា​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​បោះ​ឆ្នោត។ រូប​ចម្លាក់​របស់​គាត់​ត្រូវ​បាន​គេ​ធ្វើ​ពី​លង្ហិន ដោយ​កាន់​ទង់​ជ័យ​មួយ ដែលមាន​សរសេរ​អក្សរ​ពី​លើ ទៅ​ដល់​អ្នក​ទាម​ទា​សិទ្ធិ​ជា​មួយ​គាត់​ថា “សេចក្តី​ក្លាហាន​មួយ អំពាវ​នាវ​ឲ្យ​មាន​សេចក្តីក្លាហាន​នៅ​គ្រប់​ទិសទី”។ ត្រង់​ចំណុច​នេះ អ្នក​ស្រី​ហ្វាសេត​ចង់​មាន​ន័យ​ថា សេចក្តី​ក្លាហាន​របស់​មនុស្ស​ម្នាក់​ជំរុញឲ្យ​អ្នក​ដទៃ​ទៀត​មាន​ចិត្ត​ក្លាហាន​ផង​ដែរ។

ខណៈ​ពេល​ដែល​ស្តេច​ដាវីឌ​បាន​ត្រៀម​ខ្លួន​ផ្ទេរ​រាជ​ឲ្យ​បុត្រា​ទ្រង់ ព្រះ​នាម​សាឡូម៉ូន ទ្រង់​ក៏​បាន​ធ្វើ​ការ​ពន្យល់​អំពី​ការទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់ ដែល​នឹង​ធ្លាក់​មក​លើ​ស្មា​បុត្រា​អង្គ​នេះ។​ ជា​ការ​ពិត​ណាស់ ស្តេច​សាឡូម៉ូន​ក៏​បាន​ទទួល​បន្ទុក​ដ៏ធ្ងន់ នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស ដែល​រាប់​បញ្ចូល​ទំាង​ការ​ដឹក​នាំ​រាស្រ្ត​អ៊ីស្រាអែល ឲ្យ​ដើរ​តាម​សេចក្តី​បង្គាប់​របស់​ព្រះជា​ម្ចាស់ និង​ការពារ​ទឹក​ដី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ពួក​គេ ហើយ​មើល​ការ​ខុស​ត្រូវ​ការ​សាង​សង់​ព្រះ​វិហារ ដែល​ជា​កិច្ចការ​ដ៏​ធំ​(១របាក្សត្រ ២៨:៨-១០)។

ស្តេច​ដាវីឌ​បាន​ជ្រាប​ថា សាឡូម៉ូន​មាន​ចិត្ត​ដែល​ញ័រ​ភ័យ បាន​ជា​ទ្រង់​លើក​ទឹក​ចិត្ត​សាឡូម៉ូន​ថា “ចូរ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សំរេច​ចុះ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​អញ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង”(ខ.២០)។ សេចក្តី​ក្លាហាន​ដ៏​ពិត​របស់​ស្តេច​សាឡូ​ម៉ូន មិន​បាន​កើត​ចេញ​ពី​ជំនាញ ​ឬ​ទំនុកចិត្ត​របស់​ទ្រង់​ឡើយ តែ​បាន​កើត​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​ព្រះ​វត្ត​មាន និង​កម្លាំង​របស់​ព្រះ​ជា​ម្ចាស់។ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​សេចក្តី​ក្លាហាន​ដែល​ស្តេច​សាឡូម៉ូន​ត្រូវ​ការ។

ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ជា​ញឹក​ញាប់ យើង​ព្យាយាម​តាំង​ចិត្ត​ឲ្យ​ក្លាហាន ឬ​កំឡា​ចិត្ត​ខ្លួន​ឯង​ឲ្យ​ក្លាហាន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ​ដែល​អាច​ប្រទាន​សេចក្តី​ក្លាហាន​ដ៏​ពិត ដោយ​ជួយ​ឲ្យ​យើង​មាន​ជំនឿ​ឡើង​វិញ។ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង។ ហើយ​ព្រះ​វត្ត​មាន​ទ្រង់​ជួយ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​ឡើង។—WINN COLLIER