ខណៈពេលដែលមិត្តភក្តិខ្ញុំម្នាក់ ដែលជាអ្នកនិពន្ធ កំពុងតែនិពន្ធសៀវភៅមុគ្គុទេសករព្រះគម្ពីរ សម្រាប់គ្រូគង្វាលទាំងឡាយ នៅប្រទេសឥណ្ឌូនេស៊ី គាត់ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវប្បធម៌នៃការរួបរួមគ្នា របស់ប្រជាជាតិមួយនេះ។ គេបានហៅវប្បធម៌នៃការរួបរួមនេះ ជាភាសាឥណ្ឌូនេស៊ីថា ហ្គូតុង រ៉ូយ៉ុង(gotong royong) ដែលមានន័យថា “ការជួយគ្នាទៅវិញទៅមក”។ វប្បធម៌នេះត្រូវបានគេយកមកអនុវត្តន៍នៅក្នុងភូមិ ដោយអ្នកជិតខាងជួយសង់ផ្ទះឲ្យគ្នាទៅវិញទៅមក ឬសង់ស្ពាន ឬក៏ធ្វើផ្លូវរួមគ្នាជាដើម។ គាត់ថា នៅទីក្រុង គេក៏ប្រើវប្បធម៌នេះផងដែរ។ ឧទាហរណ៍ ពេលនរណាម្នាក់ត្រូវទៅជួបគ្រូពេទ្យតាមការណាត់ជួប គាត់តែងតែមាននរណាម្នាក់ ទៅជួបពេទ្យជាមួយគាត់។ នេះជាប្រពៃណីដ៏ល្អ។ ដូចនេះ ពួកគេមិនចាំបាច់ត្រូវធ្វើអ្វី ឬទៅណាម្នាក់ឯងឡើយ។
នៅទូទាំងពិភពលោក អ្នកជឿព្រះយេស៊ូវបានអរសប្បាយ ដោយនឹកចាំថា យើងក៏មិនដែលនៅម្នាក់ឯងដែរ។ ព្រះវិញ្ញាណបរិសុទ្ធដែលជាអង្គទីបីនៃព្រះត្រៃឯក តែងតែគង់នៅជាមួយយើងជានិច្ច។ ជាងនេះទៅទៀត ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់គ្រីស្ទបរិស័ទម្នាក់ៗ ដើម្បី “ធ្វើជាអង្គជំនួយ និងគង់នៅជាមួយយើងអស់កល្បជានិច្ច”(យ៉ូហាន ១៤:១៦)។
ព្រះយេស៊ូវបានសន្យាថា ព្រះវិញ្ញាណនៃព្រះ នឹងយាងចុះមក បន្ទាប់ពីទ្រង់យាងឡើងនគរស្ថានសួគ៌វិញ។ ទ្រង់មានបន្ទូលថា “ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ”(ខ.១៨)។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះវិញ្ញាណនៃសេចក្តីពិត នឹងយាងចូលគង់ក្នុងអ្នកដែលបានទទួលជឿព្រះគ្រីស្ទ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ(ខ.១៧)។
ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកជំនួយ អ្នកកម្សាន្តចិត្ត អ្នកលើកទឹកចិត្ត និងអ្នកប្រឹក្សាយោបល់ របស់យើងរាល់គ្នា ហើយតែងតែគង់ជាមួយយើងជានិច្ច ក្នុងលោកិយ ដែលសូម្បីតែអ្នកដែលមនុស្សម្នាក់ទៀតនៅក្បែរ ក៏នៅតែអាចមានអារម្មណ៍ឯកោ។ ចូរយើងនៅជាប់ក្នុងសេចក្តីស្រឡាញ់ និងជំនួយដ៏កម្សាន្តចិត្តរបស់ទ្រង់។—PATRICIA RAYBON