ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ពួក​ជំនុំ​មួយ ដែល​មាន​ប្រពៃណី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ ឧទាហរណ៍ ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្តិ​ជា​ទីស្រឡាញ់​ណា​ម្នាក់​ស្លាប់ ជា​ញឹក​ញាប់ ព្រះវិហារ​របស់​ខ្ញុំ បាន​ដាក់​កៅ​អី​វែង ឬ​ផ្ទាំង​គំនូរ​ណា​មួយ នៅ​តាម​ផ្លូវ​ដើរ​ក្នុង​ព្រះវិហារ ដោយ​មាន​ផ្លាក​ស្ពាន់​មួយ ដែល​មាន​សរសេរ​អក្សរ​ពី​លើ ដើម្បី​នឹកចាំ អំពី​អ្នក​ដែល​បាន​ទទួល​មរណៈភាព​នោះ។ គេ​បាន​សរសេរ​ឈ្មោះ​គាត់ នៅ​លើ​ផ្លាក​នោះ ដើម្បី​រំឭក អំពី​ជីវិត​របស់គាត់​ដែល​បាន​កន្លង​ផុត​ទៅហើយ។ ខ្ញុំ​តែង​តែ​ឲ្យ​តម្លៃ ចំពោះ​ការ​រំឭក​យ៉ាង​ដូច​នេះ។ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ឲ្យ​តម្លៃ​រហូត​ដល់​ពេល​សព្វ​ថ្ងៃ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ប្រពៃណី​នេះ​តែង​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​បង្អង់ ហើយ​ពិចារ​ណា ព្រោះ​ផ្លាកទាំង​នោះ គឺ​ជា​វត្ថុ​ដែល​គ្មាន​ចលនា គ្មាន​ជីវិត។ តើ​យើង​អាច​ប្រើ​គ្រឿង​រំឭក​នេះ ជា​ប្រយោជន៍​ដល់​អ្នក​ដែល​នៅ​រស់ ដោយ​របៀប​ណា​ខ្លះ?

បន្ទាប់​ពី​យ៉ូណាថាន ដែល​ជា​មិត្ត​សំឡាញ់​របស់​ដាវីឌ​បាន​បាត់​បង់​ជីវិត ដាវីឌ​ចង់​នឹក​ចាំ​អំពី​ទ្រង់ ហើយ​ក៏​បាន​រក្សាពាក្យ​សន្យា ដែល​ខ្លួន​មាន​ចំពោះ​ទ្រង់​(១សំាយ៉ូអែល ២០:១២-១៧)។ ប៉ុន្តែ ទ្រង់​មិន​បាន​ស្វែង​រក​វត្ថុ​ដែល​គ្មានជីវិត ដើម្បី​ធ្វើ​ការ​រំឭក​ដល់​យ៉ូណាថាន​ឡើយ។ ទ្រង់​រក​ឃើញ​មភីបូសែត ដែល​ជា​បុត្រា​របស់​យ៉ូណាថាន(២សាំយ៉ូអែល ៩:៣)។ ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស(ខ.១) ដល់​មភីបូសែត(ខ.៦-៧) ដោយ​ប្រគល់​ដី​ដល់​គាត់(គឺដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ស្តេច​សូល ដែល​ជា​ឰយុកោ​) ហើយ​ក៏​បាន​ផ្គត់​ផ្គង់​អាហារ និង​ទឹក​ជា​ប្រចាំ(គឺបរិភោគ​នៅ​តុ​របស់​ស្តេច)។

ខណៈ​ពេល​ដែល​យើង​បន្ត​នឹក​ចាំ អំពី​អ្នក​ដែល​បាន​លាចាក​លោក ដោយ​ប្រើ​វត្ថុ​អ្វី​មួយ ជា​ការ​រំឭក​ដល់​ពួក​គេ ចូរយើង​កុំ​ភ្លេច​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស ដល់​អ្នក​ដែល​នៅ​រស់ តាម​គំរូ​របស់​ស្តេច​ដាវីឌ​ផង​ដែរ។—JOHN BLASÉ