កាលពីមុន ខ្ញុំបានយកការភ័យខ្លាចធ្វើជាខែល ដើម្បីការពារចិត្តរបស់ខ្ញុំ កុំឲ្យឈឺចាប់។ ដោយសារការភ័យខ្លាច ខ្ញុំបានជៀសវាងការអ្វី ដែលខ្ញុំមិនធ្លាប់ធ្វើ និងជៀសវាងការដេញតាមក្តីស្រមៃរបស់ខ្ញុំ និងការស្តាប់បង្គាប់ព្រះ។ ប៉ុន្តែ ការភ័យខ្លាចការបាត់បង់ ការឈឺចិត្ត និងការបដិសេធន៍ បានរារាំងខ្ញុំ មិនឲ្យបង្កើតទំនាក់ទំនងនៃក្តីស្រឡាញ់ ជាមួយព្រះជាម្ចាស់ និងអ្នកដទៃ។ ការភ័យខ្លាចបានធ្វើឲ្យខ្ញុំ ក្លាយជាភរិយាដែលមានអារម្មណ៍ថា ខ្វះសុវត្ថិភាព ថប់បារម្ភ និងមានការប្រច័ណ្ឌ និងក្លាយជាម្តាយដែលការពារកូនខ្លាំងពេក និងព្រួយបារម្ភអំពីកូនពេក។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលខ្ញុំដឹងថា ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណា ទ្រង់ក៏បានផ្លាស់ប្តូររបៀបដែលខ្ញុំទំនាក់ទំនងជាមួយទ្រង់ និងអ្នកដទៃ។ ដោយសារខ្ញុំដឹងថា ព្រះជាម្ចាស់នឹងថែរក្សាខ្ញុំ នោះខ្ញុំក៏មានអារម្មណ៍ថា មានសុវត្ថិភាព ហើយមានចិត្តចង់ចាត់ទុកតម្រូវការអ្នកដទៃ ជាសំខាន់ជាងតម្រូវការខ្លួនឯង។
ព្រះជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:៧-៨)។ ការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង គឺជាការបង្ហាញចេញនូវជម្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់ សម្រាប់យើងរាល់គ្នា(ខ.៩-១០)។ ដោយសារព្រះជាម្ចាស់ស្រឡាញ់យើង ហើយរស់ក្នុងយើង យើងអាចស្រឡាញ់អ្នកដទៃ ដោយដឹងថាទ្រង់ជានរណា ហើយទ្រង់បានធ្វើអ្វីខ្លះ(ខ.១១-១២)។
ពេលយើងបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដល់យើងរាល់គ្នា(ខ.១៣-១៥)។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យស្គាល់ និងពឹងផ្អែកលើសេចក្តីស្រឡាញ់ព្រះជាម្ចាស់ ទ្រង់ក៏ធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែល្អដូចព្រះយេស៊ូវ(ខ.១៦-១៧)។ ការលូតលាស់ នៅក្នុងការទុកចិត្ត និងជំនឿ អាចលុបបំបាត់ការភ័យខ្លាចបន្តិចម្តងៗ ពេលដែលយើងដឹងច្បាស់ថា ព្រះជាម្ចាស់ស្រឡាញ់យើង យ៉ាងជ្រាលជ្រៅ និងមួយរយភាគរយ(ខ.១៨-១៩)។
ពេលដែលយើងបានពិសោធនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលគ្មានលក្ខខ័ណ្ឌ យើងនឹងលូតលាស់ ហើយហ៊ានទំនាក់ទំនងជាមួយព្រះអង្គ និងអ្នកដទៃ ដោយគ្មានការភ័យខ្លាច។—XOCHITL DIXON