កាល​ពី​មុន ខ្ញុំ​បាន​យក​ការ​ភ័យ​ខ្លាច​ធ្វើ​ជា​ខែល ដើម្បី​ការ​ពារ​ចិត្ត​របស់​ខ្ញុំ កុំ​ឲ្យ​ឈឺ​ចាប់។ ដោយ​សារ​ការ​ភ័យ​ខ្លាច ខ្ញុំបាន​ជៀស​វាង​ការ​អ្វី ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ និង​ជៀស​វាង​ការ​ដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្ញុំ និង​ការ​ស្តាប់​បង្គាប់​ព្រះ។ ប៉ុន្តែ ការ​ភ័យ​ខ្លាច​ការ​បាត់​បង់ ការ​ឈឺ​ចិត្ត និង​ការ​បដិសេធន៍ បាន​រារាំង​ខ្ញុំ មិន​ឲ្យ​បង្កើត​ទំនាក់​ទំនង​នៃ​ក្តី​ស្រឡាញ់ ជា​មួយ​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដទៃ។ ការ​ភ័យ​ខ្លាច​បាន​ធ្វើ​ឲ្យ​ខ្ញុំ ក្លាយ​ជា​ភរិយា​ដែល​មាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិភាព ថប់បារម្ភ​ និង​មាន​ការ​ប្រច័ណ្ឌ និង​ក្លាយ​ជា​ម្តាយ​ដែល​ការពារ​កូន​ខ្លាំង​ពេក និង​ព្រួយ​បារម្ភ​អំពី​កូន​ពេក។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ពេល​ដែល​ខ្ញុំ​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា ទ្រង់​ក៏​បាន​ផ្លាស់​ប្តូរ​របៀប​ដែល​ខ្ញុំ​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ និង​អ្នក​ដទៃ។ ដោយ​សារ​ខ្ញុំ​ដឹង​ថា ព្រះ​ជា​ម្ចាស់​នឹង​ថែរក្សា​ខ្ញុំ នោះខ្ញុំ​ក៏​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព ហើយ​មាន​ចិត្ត​ចង់​ចាត់​ទុក​តម្រូវ​ការ​អ្នក​ដទៃ ជា​សំខាន់​ជាង​តម្រូវ​ការ​ខ្លួន​ឯង។

ព្រះ​ជា​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៤:៧-៨)។ ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង គឺ​ជា​ការ​បង្ហាញ​ចេញ​នូវជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ សម្រាប់​យើង​រាល់​គ្នា​(ខ.៩-១០)។ ដោយ​សារ​ព្រះ​ជា​ម្ចាស់​ស្រឡាញ់​យើង ហើយ​រស់​ក្នុង​យើង យើង​អាច​ស្រឡាញ់​អ្នក​ដទៃ ដោយ​ដឹង​ថា​ទ្រង់​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ​(ខ.១១-១២)។

ពេល​យើង​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ដល់​យើង​រាល់គ្នា​(ខ.១៣-១៥)។ ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​ស្គាល់ និង​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​ព្រះ​ជាម្ចាស់ ទ្រង់​ក៏​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ដូច​ព្រះ​យេស៊ូវ(ខ.១៦-១៧)។ ការ​លូត​លាស់​ នៅ​ក្នុងការ​ទុក​ចិត្ត និង​ជំនឿ អាច​លុបបំបាត់​ការ​ភ័យ​ខ្លាច​បន្តិច​ម្តង​ៗ ពេល​ដែល​យើង​ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់យើង យ៉ាង​ជ្រាល​ជ្រៅ និង​មួយ​រយ​ភាគ​រយ​(ខ.១៨-១៩)។

ពេល​ដែល​យើង​បាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ដែល​គ្មាន​លក្ខ​ខ័ណ្ឌ យើង​នឹង​លូត​លាស់ ហើយហ៊ាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ និង​អ្នក​ដទៃ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។—XOCHITL DIXON