លោកស្ទីវ(Steve) គឺជាអតីតយុទ្ធជន អាយុ៦២ឆ្នាំ ដែលបានរស់នៅជាជនអនាថា អស់ជាច្រើនឆ្នាំមកហើយ។ គាត់បានផ្លាស់ទៅរស់នៅ ក្នុងតំបន់ដែលមានអាកាសធាតុក្តៅ ដែលនៅទីនោះ ការគេងនៅតាមចិញ្ចើមថ្នល់ មិនរងាដូចនៅអឺរ៉ុបទេ។ នៅពេលល្ងាចថ្ងៃមួយ គាត់បានដាក់តាំងរូបគំនូរដែលគាត់បានគូរ ដើម្បីរកលុយខ្លះៗ។ ពេលនោះ មានស្រ្តីវ័យក្មេងម្នាក់ បានដើរមករកគាត់ ហើយក៏បានឲ្យនំភីស្សាបួនប្រាំចំណិត។ គាត់ក៏បានទទួលយកដោយការដឹងគុណ។ មួយសន្ទុះក្រោយមក លោកស្ទីវក៏បានចែកនំភីស្សានោះ ឲ្យជនអនាថាម្នាក់ទៀត ដែលកំពុងតែស្រេកឃ្លានអាហារ។ ភ្លាមៗនោះ ស្រី្តវ័យក្មេងដដែលនោះ ក៏បានលេចមុខមកទៀត ដោយនាំអាហារមួយចានទៀត ក្រោយដែលបានដឹងថា គាត់មានចិត្តសប្បុរស នៅក្នុងការចែករំលែករបស់អ្វី ដែលគេបានឲ្យគាត់។
រឿងរបស់លោកស្ទីវ បានឆ្លុះបញ្ចាំងអំពីគោលការណ៍ នៅក្នុងបទគម្ពីរសុភាសិត ១១:២៥ ដែលបានចែងថា ពេលដែលយើងមានចិត្តសប្បុរសចំពោះអ្នកដទៃ យើងក៏ងាយនឹងទទួលអំពើសប្បុរសពីអ្នកផ្សេងទៀតផងដែរ។ ប៉ុន្តែ យើងមិនត្រូវចែករំលែកដល់អ្នកដទៃ ដោយរំពឹងថានឹងបានទទួលអ្វីពីគេមកវិញនោះទេ។ ទង្វើសប្បុរសរបស់យើង កម្រនឹងបានទទួលការតបស្នងភ្លាមៗណាស់។ ផ្ទុយទៅវិញ យើងត្រូវចែករំលែកអ្វីដែលយើងមាន ដល់អ្នកដទៃ ដើម្បីឆ្លើយតបដោយសេចក្តីស្រឡាញ់ ចំពោះសេចក្តីបង្គាប់របស់ព្រះអង្គ(ភីលីព ២:៣-៤ និង ១យ៉ូហាន ៣:១៧)។ ហើយពេលណាយើងធ្វើតាមបង្គាប់ទ្រង់ ដោយសេចក្តីស្រឡាញ់ ទ្រង់នឹងសព្វព្រះទ័យនឹងយើង។ ទ្រង់មិនមានកាតព្វកិច្ចអ្វី ដែលត្រូវធ្វើឲ្យយើងមានលុយពេញកាបូប ឬអាហារពេញពោះនោះទេ តែជាញឹកញាប់ ទ្រង់ច្រើនតែផ្គត់ផ្គង់យើង ឲ្យមានភាពស្រស់ថ្លាក្នុងជីវិត ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ។
លោកស្ទីវក៏បានចែករំលែកភីស្សា ក្នុងចានទីពីរនោះដល់គេទៀត ដោយទឹកមុខញញឹម និងដៃដែលបើកទូលាយ។ ទោះគាត់មានការខ្វះខាតធនធានយ៉ាងណាក្តី គាត់បានធ្វើជាគំរូ នៃការរស់នៅដោយចិត្តសប្បុរស ដោយស្ម័គ្រចិត្តចែករំលែកអ្វីដែលគាត់មានដល់អ្នកដទៃ ជាជាងលាក់ទុកសម្រាប់តែខ្លួនឯង។ សូមយើងធ្វើជាគំរូនៃការរស់នៅដោយចិត្តសប្បុរសផងដែរ ដោយការដឹកនាំ និងកម្លាំងមកពីព្រះជាម្ចាស់។ —KIRSTEN HOLMBERG