លោកភីធ័រ ហ្វឺល័រ(Peter Furler) ជាអ្នកចម្រៀងតន្រ្តីសម័យ ដែលធ្លាប់បានដឹកនាំក្រុមចម្រៀងញូប៊យ។ គាត់បានធ្វើការពិពណ៌នា អំពីការប្រគុំបទចម្រៀងរបស់ក្រុមនេះ ដែលមានចំណងជើងថា “ទ្រង់សោយរាជ្យ”។ គាត់ថា បទចម្រៀងនេះបាននិយាយអំពីគ្រីស្ទបរិស័ទមកពីគ្រប់កុលសម្ព័ន្ធ និងជាតិសាសន៍ ដែលបានមកជួបជុំគ្នាថ្វាយបង្គំព្រះជាម្ចាស់ ដោយការរួបរួមគ្នា។ លោកហ្វឺល័របានសង្កេតឃើញថា ពេលណាក្រុមចម្រៀងញូប៊យច្រៀងសរសើរដំកើងព្រះ គាត់អាចដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការ នៅកណ្តាលជំនុំនៃគ្រីស្ទបរិស័ទ ដែលកំពុងជួបជុំគ្នាសរសើរដំកើងព្រះ ជាមួយក្រុមចម្រៀងរបស់គាត់។
ការពិពណ៌នារបស់លោកហ្វឺល័រ អំពីបទពិសោធន៍ដែលគាត់ទទួលបានពីបទ “ទ្រង់សោយរាជ្យ” បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហ្វូងមនុស្សដែលបានមកផ្តុំគ្នា នៅទីក្រុងយេរូសាឡិម នៅថ្ងៃបុណ្យទី៥០។ ពេលពួកសាវ័កបានពេញដោយព្រះវិញ្ញាណ(កិច្ចការ ២:៤) មានការអស្ចារ្យជាច្រើនបានកើតឡើង លើសពីអ្វីដែលមនុស្សធ្លាប់ជួបប្រទះ។ ជាលទ្ធផល ពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ ក៏មានសេចក្តីស្រឡាំងកាំង ដោយគ្រប់គ្នាឮពួកសាវ័កកំពុងតែអធិប្បាយ ជាភាសាជាតិនីមួយៗ ឲ្យបានស្គាល់ការអស្ចារ្យរបស់ព្រះជាម្ចាស់(ខ.៥-៦,១១)។ សាវ័កពេត្រុសក៏បានពន្យល់ហ្វូងមនុស្សថា ព្រឹត្តិការណ៍នេះបានសម្រេចបទទំនាយនៃព្រះគម្ពីរសញ្ញាចាស់ ដែលក្នុងនោះ ព្រះជាម្ចាស់មានបន្ទូលថា “ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស”(ខ.១៧)។
ការដែលព្រះជាម្ចាស់បានបង្ហាញព្រះចេស្តាទ្រង់ តាមរបៀបដ៏ពិសេសនេះ បាននាំឲ្យហ្វូងមនុស្សបើកចិត្តចំហរស្តាប់ការប្រកាសដំណឹងល្អរបស់លោកពេត្រុស ហើយជាលទ្ធផល មនុស្សបីពាន់នាក់បានប្រែចិត្តទទួលជឿព្រះ នៅថ្ងៃនោះ(ខ.៤១)។ បន្ទាប់ពីមានការអស្ចារ្យនេះបានចាប់ផ្តើមកើតមាន អ្នកដែលបានទទួលជឿព្រះនៅពេលនោះ បានត្រឡប់ទៅតំបន់ដែលខ្លួនរស់នៅវិញ ដោយនាំយកដំណឹងល្អទៅជាមួយ។
ដំណឹងល្អដែលពួកគេបានផ្សាយ នៅតែបន្តបន្លឺសម្លេងរហូតមកដល់ពេលសព្វថ្ងៃ គឺព្រះរាជសារនៃសេចក្តីសង្ឃឹម សម្រាប់មនុស្សទាំងអស់។ ខណៈពេលដែលយើងសរសើរដំកើងព្រះជាម្ចាស់ទាំងអស់គ្នា ព្រះវិញ្ញាណទ្រង់នឹងធ្វើការនៅក្នុងចំណោមយើង ហើយទ្រង់នឹងនាំមនុស្សមកពីជាតិសាសន៍នីមួយៗ ដោយការរួបរួមដ៏អស្ចារ្យ។ ទ្រង់សោយរាជ្យ! —REMI OYEDELE