គ្រោះថ្នាក់រថយន្តបុកគ្នាដ៏សាហាវមួយ បានធ្វើឲ្យអ្នកស្រី ម៉ារី អាន ហ្វ្រែងកូ(Mary Ann Franco)មានការតក់ស្លត់យ៉ាងខ្លាំង។ គាត់បានរួចជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ តែគាត់បានរងរបួស រហូតដល់ពិការភ្នែកទាំងស្រុង។ គាត់ក៏បានរៀបរាប់ថា ចាប់តាំងពីពេលនោះមក គាត់មើលមិនឃើញអ្វី ក្រៅពីភាពខ្មៅងងឹត។ ២១ឆ្នាំក្រោយមក គាត់ក៏បានដើរដួល ហើយមានរបួសនៅឆ្អឹងខ្នង។ នៅពេលដែលគាត់ភ្ញាក់ដឹងខ្លួន បន្ទាប់ពីការវះកាត់(ដែលមិនពាក់ពាន់នឹងភ្នែករបស់គាត់) គាត់ក៏ស្រាប់តែមើលឃើញវិញ ដោយការអស្ចារ្យ។ គាត់ក៏បានឃើញមុខកូនស្រីរបស់គាត់ ជាលើកដំបូង ក្នុងរយៈពេលជាងពីរទសវត្សរ៍។ អ្នកជំនាញប្រព័ន្ធប្រសាទបានលើកឡើងថា តាមវិទ្យាសាស្ត្រ គាត់មិនដឹងថា អ្នកស្រីម៉ារីអាចមើលឃើញឡើងវិញ ដោយសារកត្តាអ្វីទេ។ ពីដំបូងគាត់គិតថា គាត់នឹងត្រូវងងឹតភ្នែកជារៀងរហូតហើយ តែទីបំផុត គាត់ក៏អាចមើលឃើញភាពស្រស់ស្អាត និងពន្លឺក្នុងពិភពលោកឡើងវិញ។
ព្រះគម្ពីរបានប្រាប់យើងថា ស្បៃនៃភាពល្ងង់ខ្លៅ និងការអាក្រក់ បានគ្របបាំងពិភពលោក ធ្វើឲ្យមនុស្សទាំងអស់ មើលមិនឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់(អេសាយ ២៥:៧)។ ភាពអាត្មានិយម និងភាពលោភលន់ អំណួត និងការស្រេកឃ្លានអំណាច ឬមុខមាត់ បានគ្របបាំងភ្នែកខាងវិញ្ញាណរបស់យើង ដូចជាស្បៃ ធ្វើឲ្យយើងមិនអាចមើលឃើញព្រះច្បាស់ ដែលទ្រង់ “បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសំរេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្តីស្មោះត្រង់ពិតប្រាកដ”(ខ.១)។
ភាពពិការភ្នែកខាងវិញ្ញាណនេះ ធ្វើឲ្យយើងស្ថិតក្នុងភាពអស់សង្ឃឹម។ បើយើងពឹងតែកម្លាំងខ្លួនឯង នោះយើងឃើញតែភាពងងឹត ភ័ន្តភាំង និងភាពអស់សង្ឃឹម។ យើងមានអារម្មណ៍ថាទាល់ច្រកជាញឹកញាប់ ដោយជំពប់ដួល ដោយមិនអាចមើលឃើញផ្លូវដែលនៅខាងមុខ។ តែអរព្រះគុណព្រះអង្គ ដែលព្រះគម្ពីរអេសាយបានសន្យាថា ព្រះជាម្ចាស់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍(ខ.៧)។
ព្រះជាម្ចាស់នឹងមិនទុកឲ្យយើងរស់នៅ ដោយអស់សង្ឃឹមឡើយ។ សេចក្តីស្រឡាញ់របស់ទ្រង់បញ្ចេញពន្លឺ ព្រមទាំងដោះស្បៃដែលគ្របបាំងភ្នែកយើង ហើយជួយឲ្យយើងអាចមើលឃើញភាពស្រស់ស្អាត នៃជីវិតដ៏ល្អ និងព្រះគុណដ៏បរិបូរ។—WINN COLLIER