កាលខ្ញុំនៅក្មេង មានក្មេងប្រុសម្នាក់បាននិយាយចម្អកឲ្យខ្ញុំថា “ស្បែកដណ្តប់ឆ្អឹង ស្បែកដណ្តប់ឆ្អឹង”។ ក្មេងម្នាក់ទៀត ក៏បានស្រែកដាក់ខ្ញុំថា “ឈើចាក់ធ្មេញ”។ ពេលមានការវាយប្រហារដោយពាក្យសម្តីដូចនេះ នៅសម័យនោះ គេចូលចិត្តឆ្លើយតបវិញថា “ឈើ និងថ្មអាចបំបាក់ឆ្អឹងខ្ញុំបាន តែពាក្យសម្តីមិនអាចធ្វើឲ្យខ្ញុំឈឺទេ”។ ប៉ុន្តែ ទោះខ្ញុំគ្រាន់តែជាក្មេងស្រីដ៏តូចម្នាក់មែន ខ្ញុំដឹងថា ការឆ្លើយតបដូចនេះ គឺមិនត្រឹមត្រូវទេ។ ពាក្យសម្តីអាក្រក់ ដែលនិយាយចេញមក ដោយឥតបើគិត ពិតជាធ្វើឲ្យឈឺចាប់ ជួនកាល វាធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង ដោយបន្សល់ទុកនូវរបួសក្នុងចិត្ត ដែលជ្រៅ ហើយមានការឈឺចាប់យូរជាងរបួសផ្លូវកាយ ដែលត្រូវគេវាយនឹងដំបងឈើ ឬថ្ម។
នាងហាណាក៏បានដឹងផងដែរថា ពាក្យសម្តីដែលនិយាយចេញមកដោយឥតបើគិត បានធ្វើឲ្យមានការឈឺចាប់ប៉ុណ្ណា។ លោកអែលកាណាដែលជាស្វាមី បានស្រឡាញ់នាង តែនាងមិនមានកូនសោះ ខណៈពេលដែលប្រពន្ធទីពីររបស់គាត់ ឈ្មោះពេនីណា បានបង្កើតកូនជាច្រើននាក់ឲ្យគាត់។ ក្នុងវប្បធម៌របស់មនុស្សនៅសម័យនោះ គេច្រើនតែឲ្យតម្លៃស្រ្តី ដោយផ្អែកទៅលើចំនួនកូនដែលពួកនាងមាន។ ហេតុនេះហើយនាងពេនីណាក៏បានធ្វើឲ្យនាងហាណាមានការឈឺចាប់កាន់តែខ្លាំង ដោយចម្អកឲ្យនាង ដោយសារនាងគ្មានកូន ធ្វើឲ្យនាងកើតមានសេចក្តីកំហឹង។ នាងពេនីណានៅតែបន្តចម្អកឲ្យនាងទៀត រហូតដល់នាងយំ ហើយញាំអាហារលែងចូល(១សាំយ៉ូអែល ១:៦-៧)។
ហើយលោកអែលកាណាក៏បានឆ្លើយតបចំពោះនាង ដោយពាក្យសម្តីឥតបើគិតថា “ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី?”(ខ.៨)។ គាត់ប្រហែលជានិយាយដូចនេះ ដោយបំណងល្អទេ តែវាបានធ្វើឲ្យនាងនៅតែមានការឈឺចាប់។
មនុស្សជាច្រើនមានការឈឺចាប់ ដោយសារពាក្យសម្តីដ៏មុតស្រួច ដែលអ្នកដទៃបាននិយាយមកកាន់ខ្លួន។ ហើយអ្នកខ្លះងាយនឹងមានប្រតិកម្មចំពោះការឈឺចាប់ ដែលខ្លួនបានទទួលរងការវាយប្រហារដោយពាក្យសម្តីពីអ្នកណាម្នាក់។ ប៉ុន្តែ យើងរាល់គ្នាសុទ្ធតែអាចរត់ទៅរកព្រះនៃក្តីស្រឡាញ់ និងក្តីអាណឹត ដើម្បីទទួលបាននូវកម្លាំង និងការប្រោសឲ្យជា(ទំនុកដំកើង ២៧:៥,១២-១៤)។ ទ្រង់នឹងមានព្រះទ័យរីករាយចំពោះយើង ដោយបន្ទូលនៃសេចក្តីស្រឡាញ់ និងព្រះគុណ។—ALYSON KIEDA