កាលខ្ញុំកំពុងធ្វើដំណើរ នៅទ្វីបអាស៊ី អាយភែតរបស់ខ្ញុំ (ដែលផ្ទុកទៅដោយសៀវភៅ និងអត្ថបទសម្រាប់អាន និងឯកសារការងារជាច្រើន) ស្រាប់តែខូច ដោយមានអេក្រង់ខ្មៅ មិនអាចបើកប្រើកើត។ ខ្ញុំក៏បានទៅរកកន្លែងជួសជុល ហើយក៏បានទៅដល់ហាងកំព្យូទ័រមួយ។ នៅទីនោះ ខ្ញុំក៏បានជួបបញ្ហាមួយទៀត គឺខ្ញុំមិនចេះនិយាយភាសាចិន ហើយជាងជួសជុល នៅក្នុងហាងនោះ ក៏មិនចេះនិយាយភាសាអង់គ្លេសដែរ។ តើខ្ញុំត្រូវធ្វើដូចម្តេច? គាត់ក៏បានបើកកម្មវិធីមួយក្នុងកំព្យូទ័រ ហើយក៏បានវាយអក្សរចិនចូលទៅក្នុងកម្មវិធីនោះ ហើយអក្សរអង់គ្លេស ក៏បានលេចចេញមក។ រួចខ្ញុំក៏បានធ្វើបញ្ច្រាសមកវិញ ដោយវាយអក្សរអង់គ្លេស ហើយគាត់ក៏បានអានអក្សរចិនដែលបានបង្ហាញលើកញ្ចក់កំព្យូទ័រ។ កម្មវិធីនេះបានអនុញ្ញាតិឲ្យយើងអាចទំនាក់ទំនងគ្នាបានច្បាស់ល្អ ទោះយើងប្រើភាសាខុសគ្នាក៏ដោយ។

ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទំនាក់ទំនង និងបង្ហាញចេញនូវចិត្តរបស់ខ្ញុំ ដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ពេលដែលខ្ញុំអធិស្ឋានទៅកាន់ព្រះអង្គ ហើយមិនមែនមានតែខ្ញុំទេ ដែលមានបញ្ហានេះ។ មនុស្សជាច្រើនមានការពិបាកនៅក្នុងការអធិស្ឋាន នៅពេលខ្លះ។ ប៉ុន្តែ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ២៧ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ”(រ៉ូម ៨:២៦-២៧)។

ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយដ៏អស្ចារ្យ ដែលព្រះយេស៊ូវប្រទាន។ ទ្រង់ល្អលើសកម្មវិធីកំព្យូទ័រ ដែលជួយសម្រួលដ៏ការទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស ព្រោះទ្រង់បាននាំឲ្យខ្ញុំបង្ហាញចេញនូវការគិត និងបំណងចិត្តរបស់ខ្ញុំ ក្នុងការអធិស្ឋាន ឲ្យត្រូវតាមបំណងព្រះវរបិតា។ ព្រះវិញ្ញាណបរិសុទ្ធបានជួយសម្រួលដល់ការអធិស្ឋានរបស់យើងរាល់គ្នា។—BILL CROWDER