មានពេលមួយកូនប្រុសខ្ញុំ ដែលកំពុងអង្គុយនៅកៅអីក្រោយខ្ញុំ បានសួរខ្ញុំថា “ប៉ា ម៉ោងប៉ុន្មានហើយ?” ខ្ញុំក៏បានប្រាប់គាត់ថា ម៉ោង៥កន្លះហើយ។ ពេលនោះខ្ញុំក៏ដឹងច្បាស់ថា គាត់នឹងនិយាយអ្វីទៀត។ គាត់ថា “ទេ ម៉ោង ៥ ២៨នាទីទេតើ!”ខ្ញុំក៏បានមើលទឹកមុខគាត់ ដែលកំពុងតែញញឹមស្រស់ ដែលហាក់ដូចជាកំពុងតែប្រាប់ខ្ញុំថា គាត់បានតាមខ្ញុំ17ទាន់ហើយ។ ខ្ញុំក៏មានអារម្មណ៍រីករាយផងដែរ ដោយសារខ្ញុំស្គាល់ចិត្តគាត់ ក្នុងនាមខ្ញុំជាឪពុក។
ខ្ញុំស្គាល់ចិត្តកូនៗរបស់ខ្ញុំ គឺមិនខុសពីឪពុកម្តាយដទៃទៀត ដែលយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួនយ៉ាងដូច្នោះដែរ។ ខ្ញុំដឹងថា ពួកគេនឹងឆ្លើយតបយ៉ាងដូចម្តេច ពេលដែលខ្ញុំដាស់ពួកគេឲ្យភ្ញាក់ពីគេង។ ខ្ញុំក៏ដឹងថា ពួកគេចង់ញាំម្ហូបអ្វី នៅពេលអាហារថ្ងៃត្រង់។ ខ្ញុំបានដឹងអំពីចំណង់ចំណូលចិត្ត បំណងចិត្ត និងជម្រើសជាច្រើនរាប់មិនអស់របស់ពួកគេ។
ប៉ុន្តែ ទោះជាខ្ញុំបានដឹងច្រើនយ៉ាងនេះក្តី ខ្ញុំនៅតែមិនអាចស្គាល់ពួកគេឲ្យបានមួយរយភាគរយ ទាំងក្នុងចិត្ត និងសម្បកក្រៅ ដូចដែលព្រះអម្ចាស់បានស្គាល់យើងនោះឡើយ។
ក្នុងបទគម្ពីរយ៉ូហាន ជំពូក១ យើងឃើញថា ព្រះយេស៊ូវបានស្គាល់ចិត្តរាស្រ្តរបស់ទ្រង់យ៉ាងច្បាស់។ ឧទាហរណ៍ ពេលដែលទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានព្រះបន្ទូលពីគាត់ថា “នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ”(ខ.៤៧)។ នោះណាថាណែលទូលសួរថា “លោកស្គាល់ខ្ញុំពីណាមក?” ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា “មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ”(ខ.៤៨)។
យើងប្រហែលជាមិនដឹងពីមូលហេតុ ដែលព្រះយេស៊ូវសម្រេចព្រះទ័យមានបន្ទូលលម្អិត អំពីណាថាណែលយ៉ាងដូចនេះឡើយ តែគាត់ដឹងថាហេតុអ្វី។ គាត់មានអំណរជាពន់ពេក បានជាគាត់ទូលទ្រង់ថា “លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន”(ខ.៤៩)។
ព្រះយេស៊ូវស្គាល់យើងម្នាក់ៗ គ្មានកន្លែងចន្លោះ ដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ គឺដូចដែលយើងម្នាក់ៗចង់ឲ្យទ្រង់ស្គាល់យើង យ៉ាងដូចនេះដែរ។ ហើយទ្រង់ក៏ទទួលយកយើងទាំងស្រុង ដោយមិនគ្រាន់តែបានត្រាសហៅយើង ឲ្យដើរតាមទ្រង់ប៉ុណ្ណោះទេ ថែមទាំងបានហៅយើង ឲ្យធ្វើជាមិត្តសំឡាញ់របស់ទ្រង់ផងដែរ(យ៉ូហាន ១៥:១៥)។—ADAM HOLZ