កាលពីមុន មិត្តភក្តិរបស់ខ្ញុំម្នាក់ បានធ្វើជាអ្នកប្រឹក្សាយោបល់របស់ខ្ញុំ។ មានពេលមួយ គាត់បានគូររូបមនុស្សស្គមដូចឈើចាក់ធ្មេញម្នាក់ នៅលើក្រដាស់មួយសន្លឹក។ គាត់ក៏បានហៅរូបនោះថា “ខ្លួនរបស់យើង ពេលនៅម្នាក់ឯង”។ បន្ទាប់មក គាត់ក៏បានគូរទម្រង់ក្រៅជុំវិញរូបនោះ ដែលមានទំហំធំជាងរូបនោះប្រហែល២បីសង់ទីម៉ែត្រធ្វើឲ្យរូបមនុស្សនោះធាត់ជាងមុខ ហើយក៏បានហៅវាថា “ខ្លួនយើង នៅទីសាធារណៈ”។ គាត់ពន្យល់ថា ភាពខុសគ្នារវាងខ្លួនរបស់យើង ពេលនៅម្នាក់ឯង និងខ្លួនយើងនៅទីសាធារណៈ គឺស្ថិតនៅត្រង់ភាពស្មោះត្រង់របស់យើង។
ពេលខ្ញុំកំពុងតែស្តាប់ការបង្រៀនរបស់គាត់ ខ្ញុំក៏បានឆ្ងល់ថា ពេលដែលខ្ញុំនៅក្បែរអ្នកដទៃ តើខ្ញុំមានភាពស្មោះត្រង់ ដូចពេលដែលខ្ញុំនៅម្នាក់ឯងដែរឬទេ?
ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស ការបង្រៀនរបស់គាត់បាននិយាយអំពីសេចក្តីស្រឡាញ់ និងការលត់ដំខាងវិញ្ញាណ ឲ្យមានលក្ខណៈដូចព្រះយេស៊ូវ។ ជិតដល់ចុងបញ្ចប់នៃសំបុត្ររបស់គាត់(២កូរិនថូស ១០:១០) គាត់ក៏បានលើកឡើង អំពីពួកចោទប្រកាន់ ដែលបានធ្វើការរិះគន់មកលើភាពស្មោះត្រង់របស់គាត់ ដោយចោទប្រកាន់គាត់ថា គាត់ជាមនុស្សទន់ខ្សោយ ហើយមានភាពក្លាហានតែនៅក្នុងសំបុត្ររបស់គាត់ប៉ុណ្ណោះ។ ពួកអ្នកចោទប្រកាន់ទាំងនោះបានប្រើវោហាស័ព្ទរបស់ខ្លួន ធ្វើជាអាជីពដើម្បីរកកំរៃពីអ្នកស្តាប់។ សាវ័កប៉ុលមានការរៀនសូត្រជ្រៅជ្រះ តែគាត់បាននិយាយស្តី ដោយប្រើពាក្យសម្តីសាមញ្ញៗ និងច្បាស់លាស់។ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រមុនៗថា “ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ”(១កូរិនថូស ២:៤)។ នៅក្នុងសំបុត្របន្ទាប់ គាត់ក៏បានបង្ហាញពីភាពស្មោះត្រង់របស់គាត់ ដោយមានប្រសាសន៍ថា “ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ”(២កូរិនថូស ១០:១១)។
សាវ័កប៉ុលបានបង្ហាញភាពពិតរបស់គាត់ នៅទីសាធារណៈ គឺដូចពេលដែលគាត់នៅម្នាក់ឯងផងដែរ។ ចុះចំណែកយើងវិញ? —ELISA MORGAN