សព្វថ្ងៃនេះ វីរៈបុរស នៅក្នុងសៀវភៅរឿងអមដោយរូបភាព នៅតែមានការពេញនិយម។ គេបានយកសាច់រឿង ក្នុងសៀវភៅរឿងអមដោយរូបភាពទាំងនោះ មកផលិតជាខ្សែភាពយន្ត។ នៅឆ្នាំ២០១៧ ខ្សែភាពយន្តវីវរៈបុរសដ៏អស្ចារ្យ ៦រឿង រកបានប្រាក់៤ពាន់លានដុល្លាអាមេរិក ពីការចាក់បញ្ចាំង។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្ស មានការទាក់ទាញចំពោះខ្សែភាពយន្តខ្នាតធំប្រភេទនេះម្ល៉េះ?
មូលហេតុប្រហែលមកពីខ្សែភាពយន្តប្រភេទនោះ មានលក្ខណៈចម្លងតាមរឿងរបស់ព្រះជាម្ចាស់ ដែលរឿងដ៏ធំប្រសើរ។ ក្នុងរឿងរបស់ទ្រង់ គឺមានវីវបុរសម្នាក់ មានតួរចិត្តអាក្រក់ម្នាក់ និងមានមនុស្ស ដែលត្រូវការការជួយសង្រ្គោះ ហើយមានហេតុការណ៍ដ៏អស្ចារ្យជាច្រើន។
ក្នុងរឿងនេះ សាតាំងជាតួរចិត្តអាក្រក់ជាងគេ និងជាខ្មាំងសត្រូវនៃវិញ្ញាណរបស់យើង។ ប៉ុន្តែ ក៏មានតួរចិត្តអាក្រក់ “តូចៗ”ជាច្រើនផងដែរ។ ឧទាហរណ៍ ក្នុងកណ្ឌដានីយ៉ែល ស្តេចនេប៊ូក្នេសា ស្ថិតក្នុងចំណោមតួចិត្តអាក្រក់តូចៗទាំងនោះឯង។ ទ្រង់ជាអធិរាជដែលគ្រប់គ្រងនគរជាច្រើន នៅក្នុងពិភពលោក។ ទ្រង់បានសម្រេចព្រះទ័យថា នឹងសម្លាប់នរណាដែលមិនថ្វាយបង្គំរូបចម្លាក់ដ៏ធំសម្បើមរបស់ទ្រង់(ដានីយ៉ែល ៣:១-៦)។ ពេលដែលមន្ត្រីបីនាក់ ដែលជាសាសន៍យូដា បានបដិសេធមិនព្រមថ្វាយបង្គំរូបចម្លាក់នោះ(ខ.១២-១៨) ទ្រង់ក៏បានប្រហារជីវិតពួកគេ ដោយបោះចូលទៅក្នុងគុកភ្លើង តែព្រះជាម្ចាស់ក៏បានជួយសង្រ្គោះពួកគេ ដោយការអស្ចារ្យ(ខ.២៤-២៧)។
ប៉ុន្តែ ការផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើលក៏បានកើតឡើង នៅពេលដែលស្តេចអាក្រក់នោះ បានចាប់ផ្តើមផ្លាស់ប្តូរចិត្ត។ បន្ទាប់ពីស្តេចនេប៊ូក្នេសាបានឃើញហេតុការណ៍នេះហើយ ទ្រង់ក៏បានឆ្លើយតប ដោយបន្ទូលថា “សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបំរើទ្រង់ ដែលទុកចិត្តដល់ទ្រង់ ឲ្យរួច”(ខ.២៨)។
ប៉ុន្តែ បន្ទាប់មក ទ្រង់ក៏បានគំរាមថា នឹងសម្លាប់នរណាដែលប្រឆាំងនឹងព្រះជាម្ចាស់(ខ.២៩) ដោយមិនបានដឹងសោះថា ព្រះជាម្ចាស់មិនត្រូវការឲ្យទ្រង់ធ្វើដូចនេះឡើយ។ ក្រោយមក ស្តេចនេប៊ូក្នេសាក៏បានរៀនសូត្រអំពីព្រះជាម្ចាស់ជាបន្ថែមទៀត នៅក្នុងជំពូក៤ ដែលចូលដល់រឿងមួយទៀត។
យើងឃើញថា ស្តេចនេប៊ូក្នេសាមិនគ្រាន់តែជាតួរចិត្តអាក្រក់ប៉ុណ្ណោះទេ តែក៏ជាមនុស្សម្នាក់ ដែលកំពុងស្ថិតក្នុងការធ្វើដំណើរខាងវិញ្ញាណ។ នៅក្នុងរឿងនៃការប្រោសលោះរបស់ព្រះជាម្ចាស់ យើងឃើញថា ព្រះយេស៊ូវជាវីវរបុរស ដែលបានយាងមករកមនុស្សទាំងអស់ ដែលត្រូវការការជួយសង្រ្គោះ ដែលរាប់បញ្ចូលទាំងមនុស្សអាក្រក់ ក្នុងចំណោមយើងរាល់គ្នាផងដែរ។—TIM GUSTAFSON