អ្នកស្រី អ៊ែន សៀហ្វ មៀលល័រ(Anne Sheafe Miller) បានស្លាប់កាលពីឆ្នាំ១៩៩៩ នៅអាយុ៩០ឆ្នាំ តែកាលពីឆ្នាំ១៩៤២ គាត់ស្ទើរតែបាត់បង់ជីវិត ដោយសារជាតិពុលក្នុងឈាម បន្ទាប់ពីគាត់បានរលូតកូន ហើយការព្យាបាលគ្រប់យ៉ាងបានបរាជ័យ។ នៅមន្ទីរពេទ្យដែលគាត់បានសម្រាកព្យាបាលនោះ មានអ្នកជម្ងឺម្នាក់ បាននិយាយថា ខ្លួនមានទំនាក់ទំនងជាមួយនឹងអ្នកវិទ្យាសាស្រ្ត ដែលកំពុងតែធ្វើការសិក្សាទៅលើថ្នាំដ៏អស្ចារ្យមួយ។ ពេលនោះ វេជ្ជបណ្ឌិតរបស់អ្នកស្រីអ៊ែន ក៏បានជំរុញរដ្ឋាភិបាលឲ្យបើកថ្នាំនោះ ឲ្យអ្នកស្រីអ៊ែន ក្នុងបរិមាណដ៏តិចតួច។ ក្នុងរយៈពេលតែមួយថ្ងៃ កម្តៅខ្លួនគាត់ក៏បានធ្លាក់ចុះមកធម្មតាវិញ! ថ្នាំដែលបានជួយសង្រ្គោះជីវិតគាត់នោះ គឺជាថ្នាំពីនីសាលីន។
ចាប់តាំងពីពេលដែលមនុស្សធ្លាក់ចូលក្នុងអំពើបាប មនុស្សជាតិទាំងអស់បានទទួលលទ្ធផលដ៏ហិនហោច នៃអំពើបាប(រ៉ូម ៥:១២)។ មានតែការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ និងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធទេ ដែលជួយឲ្យយើងអាចទទួលការប្រោសឲ្យជា(៨:១-២)។ ព្រះវិញ្ញាណបរិសុទ្ធបានជួយឲ្យយើងអាចអរសប្បាយ នឹងជីវិតពេញបរិបូរនៅលើផែនដី និងជីវិតអស់កល្ប ក្នុងព្រះវត្តមាននៃព្រះជាម្ចាស់(ខ.៣-១០)។ “មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា”(ខ.១១)។
ពេលដែលនិស្ស័យសាច់ឈាមរបស់យើង ដែលជាប់អំពើបាបធ្វើឲ្យជីវិតរបស់អ្នកចុះខ្សោយ ចូរយើងមើលទៅព្រះយេស៊ូវ ដែលជាប្រភពនៃសេចក្តីសង្រ្គោះរបស់យើង ហើយចម្រើនកម្លាំងឡើង ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់(ខ.១១-១៧)។ “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើង” ដោយទ្រង់ “ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(ខ.២៦-២៧)។—RUTH O’REILLY-SMITH