មានពេលមួយអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នង ដែលជាទីលំនៅរបស់ក្រុមគ្រួសារមួយ មានគ្នា៦នាក់ ដែលជាសមាជិកព្រះវិហាររបស់ខ្ញុំ។ បុរសជាឪពុក និងកូនប្រុសរបស់គាត់បានរួចជីវិត តែគាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពេលដែលភរិយា ម្តាយ និងកូនតូចៗរបស់គាត់ ពីរនាក់ទៀតបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនោះ។ គួរឲ្យសោកសា្តយណាស់ ដែលហេតុការណ៍ដ៏ឈឺចាប់ដូចនេះ នៅតែបន្តកើតឡើងម្តងហើយម្តងទៀត នៅក្នុងពិភពលោកនេះ។ ពេលដែលយើងគិតដល់សោកនាដកម្មទាំងនោះ យើងប្រហែលជាចង់សួរថា ហេតុអ្វីបានជាការអាក្រក់ ចេះតែកើតឡើង មកលើមនុស្សល្អ? នេះជាសំណួរដែលមនុស្សបានចោទឡើង តាំងពីយូរមកហើយ ហើយយើងក៏មិនមានការភ្ញាក់ផ្អើលដែរ ពេលដែលបានដឹងថា សំណួរចាស់មួយនេះ មិនមានចម្លើយថ្មីទេ។
តែសេចក្តីពិតដែលមានចែងក្នុងកណ្ឌគម្ពីរទំនុកដំកើង ជំពូក៤៦ បានបន្លឺឡើងម្តងហើយម្តងទៀត ហើយគេក៏បានឱបក្រសោបយកជាច្រើនដង។ គឺដូចដែលខ.១បានចែងថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១)។ ខ.២ និងខ.៣ បានពិពណ៌នា អំពីគ្រោះធម្មជាតិ ដែលក្នុងនោះ ផែនដី និងភ្នំញ័ររញ្ជួយ និងរើធ្លាក់ចុះ ហើយទឹកសមុទ្រក៏កក្រើករំពើក។ យើងមានអារម្មណ៍ភ័យញ័រ ពេលដែលយើងស្រមៃថា ខ្លួនយើងកំពុងតែស្ថិតក្នុងខ្យល់ព្យុះ ដែលបានពិពណ៌នា ក្នុងទំនុកដំកើងនេះ។ ប៉ុន្តែ ជួនកាល យើងក៏បានធ្លាក់ចូលក្នុងទុក្ខលំបាក ដែលមានដូចជាការឈឺចុកចាប់ ដោយសារជម្ងឺដំណាក់កាលចុងក្រោយ វិបត្តិហិរញ្ញវត្ថុដែលធ្វើឲ្យយើងដួលចុះ ឬភាពតក់ស្លត់ ដោយសារការស្លាប់របស់មនុស្សជាទីស្រឡាញ់ជាដើម។
យើងងាយនឹងប្រើហេតុផលរបស់មនុស្ស ដោយគិតថា យើងមានបញ្ហា ដោយសារព្រះជាម្ចាស់មិនបានគង់នៅចាំជួយយើង។ ប៉ុន្តែ សេចក្តីពិតដែលមានចែងក្នុងព្រះគម្ពីរមិនបានឲ្យយើងគិតដូចនេះទេ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ”(ខ.៧,១១)។ ទ្រង់គង់នៅជាមួយយើង ពេលដែលយើងជួបការលំបាក ហើយយើងក៏អាចរកបានការកម្សាន្តចិត្ត ដោយដឹងថា ទ្រង់ល្អ ទ្រង់មានសេចក្តីស្រឡាញ់ ហើយទ្រង់មានលក្ខណៈដែលគួរឲ្យយើងទុកចិត្តបាន។ —ARTHUR JACKSON