លោកអេឌហ្គា ដេហ្កាស(Edgar Degas) គឺជាវិចិត្រករបារាំងដ៏ល្បីល្បាញ ដែលគេបាននឹកចាំអំពីគាត់នៅទូទាំងពិភពលោក ដោយសាររូបគំនូរអ្នករបាំបាឡេ ដែលគាត់បានគូរ។ តែកម្រនឹងមានអ្នកដឹង អំពីការច្រណែន ដែលគាត់មានចំពោះមិត្តភក្តិរបស់គាត់ គឺលោកអេដូវ៉ាដ ម៉ានែត(Édouard Manet) ដែលជាកំពូលវិចិត្រម្នាក់ទៀត និងជាគូរប្រជែងរបស់គាត់។ លោកដេហ្កាសបាននិយាយអំពីលោកម៉ានែតថា អ្វីៗដែលលោកម៉ានែតធ្វើ តែងតែមានភាពលេចធ្លោភ្លាមៗតែម្តង ខណៈពេលដែលគាត់បានជួបការឈឺចាប់ឥតឈប់ឈរ ហើយធ្វើមិនដែលត្រូវសោះ។

សាវ័កប៉ុលបានរាប់បញ្ចូលការច្រណែន នៅក្នុងចំណោមលក្ខណៈដែលអាក្រក់បំផុតរបស់មនុស្ស គឺអាក្រក់ដូច “សេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស”(រ៉ូម ១:២៩)។ សាវ័កប៉ុលបានបញ្ជាក់ថា ការច្រណែននោះ គឺកើតចេញពីគំនិតចោលម្សៀត និងការថ្វាយបង្គំរូបព្រះ ជាជាងថ្វាយបង្គំព្រះ(ខ.២៨)។

អ្នកនិពន្ធឈ្មោះ គ្រីស្ទីណា ហ្វក់(Christina Fox) បានមានប្រសាសន៍ថា ការច្រណែនកើតមាន ក្នុងចំណោមអ្នកជឿព្រះ គឺដោយសារចិត្តរបស់យើងបានងាកចេញពីសេចក្តីស្រឡាញ់ដ៏ពិត។ គាត់ថា ពេលណាយើងមានការច្រណែន គឺមានន័យថា យើងកំពុងតែដេញតាមការសប្បាយដែលគ្មានតម្លៃ របស់លោកិយនេះ ជាជាងមើលទៅព្រះយេស៊ូវ។ សរុបមក យើងបានភ្លេចថា យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។

តែយើងមានដំណោះស្រាយមួយ គឺត្រូវវិលត្រឡប់ទៅព្រះជាម្ចាស់វិញ។ សាវ័កប៉ុលបានបង្គាប់យើង ឲ្យថ្វាយផ្នែកទាំងអស់នៃជីវិតយើង ដាច់ដល់ព្រះជាម្ចាស់(រ៉ូម ៦:១៣)។ ការថ្វាយខ្លួនដល់ព្រះ ក៏រាប់បញ្ចូលការថ្វាយការងារ និងជាពិសេសជីវិតរបស់យើងដល់ទ្រង់។ នៅក្នុងសំបុត្រមួយទៀត ដែលគាត់បានសរសេរ គាត់ក៏បានបង្គាប់ “ឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗ ខ្លួន នោះនឹងមានសេចក្តីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ”(កាឡាទី ៦:៤)។

សូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ព្រះពររបស់ទ្រង់ ដែលមានដូចជាសម្ភារៈដែលទ្រង់បានប្រទានដល់យើង ព្រមទាំងសេរីភាព ដែលយើងទទួលបានពីព្រះគុណទ្រង់ផងដែរ។ ពេលដែលយើងងាកមកផ្តោតទៅលើអំណោយដែលព្រះជាម្ចាស់បានប្រទាន ជាជាងផ្តោតទៅលើអ្វីដែលអ្នកដទៃមាន យើងនឹងរកបានភាពស្កប់ចិត្តឡើងវិញ។
—PATRICIA RAYBON