កាលពីក្មេង ខ្ញុំចូលចិត្តលេងបិទពួនណាស់។ ពេលខ្ញុំឮសម្លេងសំរឹបជើងរបស់បងប្អូនជីដូនមួយខ្ញុំ ដែលមានអាយុ៥ឆ្នាំ កំពុងដើរនៅកៀនជ្រុងផ្ទះ ខ្ញុំគិតថា “គាត់រកខ្ញុំឃើញឥឡូវហើយ”។ គាត់ក៏បានដើរមកជិតខ្ញុំកាន់តែខ្លាំង។ នៅសល់តែ៥ជំហានទៀតប៉ុណ្ណោះ។ ទីបំផុតគាត់ក៏បានរកខ្ញុំឃើញ។
មនុស្សភាគច្រើនមានអនុស្សាវរីយ៍លេងបិទពួន កាលនៅក្មេង។ តែជួនកាល ក្នុងការរស់នៅ យើងខ្លាចគេរកឃើញអ្វី ដែលយើងព្យាយាមលាក់បាំង ហើយការភ័យខ្លាចនេះ មិនសប្បាយដូចការលេងបិទពួនទេ តែវាមានឬសគុល នៅក្នុងសុភាវគតិរបស់យើង ដែលចេះតែចង់រត់គេច។ និយាយរួម យើងមិនចង់ឲ្យគេមើលឃើញអ្វី ដែលយើងបានលាក់បាំង។

ក្នុងនាមយើងជាមនុស្ស ក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាប យើងបានលេងល្បែង “បិទពួន” ជាមួយព្រះ ជាញឹកញាប់។ វាប្រៀបដូចជាល្បែងដែលធ្វើពុតជាលាក់ខ្លួន តែព្រះជាម្ចាស់ទតមើលឃើញអ្វីៗទាំងអស់ នៅក្នុងគំនិត និងការសម្រេចចិត្តរបស់យើង។ យើងដឹងថា គ្មានការអ្វីអាចលាក់បាំងពីទ្រង់ឡើយ តែយើងហាក់ដូចជាគិតថា ទ្រង់មិនអាចទតឃើញ។

តែព្រះជាម្ចាស់នៅតែបន្តស្វែងរកយើង។ ទ្រង់ត្រាសហៅយើងឲ្យចេញមកក្រៅ។ ទ្រង់សព្វព្រះទ័យនឹងទតមើលយើង ទោះយើងបានធ្វើរឿងដែលគួរឲ្យខ្មាស់អៀនយ៉ាងណាក៏ដោយ។ កាលអ័ដាមដែលជាមនុស្សដំបូង បានធ្វើបាបជាលើកទីមួយ គាត់ក៏បានលាក់ខ្លួន។ ពេលនោះ ទ្រង់ក៏បានមានបន្ទូលហៅគាត់ថា “ឯងនៅឯណា?” (លោកុប្បត្តិ ៣:៩)។ នេះជាសំណួរដែលចាក់ចុចចិត្តអ្នក និងបានត្រាសហៅយើង ដោយសម្លេងដ៏ស្រទន់ថា “កូនសំឡាញ់ ចូរកូនឈប់លាក់ខ្លួន ហើយចេញមកខាងក្រៅ ដើម្បីចាប់ផ្តើមទំនាក់ទំនងជាមួយបិតាឡើងវិញ”។

យើងប្រហែលជាស្ទាក់ស្ទើរ មិនហ៊ានចេញមកក្រៅ ដោយសម្អាងទៅលើហេតុផលរបស់យើង។ ប៉ុន្តែ ពេលដែលយើងវិលត្រឡប់ចូលទៅក្នុងការថែរក្សាដ៏សុខសាន្តរបស់ព្រះវរបិតាហើយ ទ្រង់នឹងទទួលស្គាល់យើង និងស្រឡាញ់យើងទាំងស្រុង ទោះយើងបានធ្វើអ្វីខុសក៏ដោយ។—JEFF OLSON