កូនប្រុសរបស់ខ្ញុំឈ្មោះ ប្រាយអិន(Brian) គឺជាគ្រូបង្វឹកកីឡាបាល់បោះ នៅវិទ្យាល័យ។ នៅឆ្នាំមួយនោះ ខណៈពេលដែលក្រុមកីឡាកររបស់គាត់ កំពុងតែប្រកួត នៅក្នុងការប្រកួតកីឡាបាល់បោះប្រចាំរដ្ឋវ៉ាស៊ីនតោន អ្នកក្រុងជាច្រើននាក់ បានចោទសួរពួកគេដោយបំណងល្អថា តើពួកគេនឹងប្រកួតឈ្នះ នៅឆ្នាំនេះទេ? កីឡាករ និងគ្រូបង្វឹកនៅក្នុងក្រុមទាំងពីរ ដែលបានប្រកួតនៅថ្ងៃនោះ មានអារម្មណ៍តានតឹងយ៉ាងខ្លាំង បានជាប្រាយអិនប្រាប់ក្រុមរបស់គាត់ ឲ្យប្រកួតដោយអំណរ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យចុងក្រោយ ដែលសាវ័កប៉ុលបាននិយាយទៅកាន់ពួកចាស់ទុំ នៅក្រុងអេភេសូរថា គាត់នឹងបង្ហើយការរត់ប្រណាំងរបស់គាត់ ដោយអំណរ(កិច្ចការ ២០:២៤)។ ត្រង់ចំណុចនេះ គោលបំណងរបស់គាត់ គឺដើម្បីបញ្ចប់កិច្ចការ ដែលព្រះយេស៊ូវបានប្រទានមកគាត់។ គាត់បានតាំងចិត្ត និងអធិស្ឋានសូមឲ្យគាត់បានបង្ហើយការរត់ប្រណាំងនោះ ដោយអំណរ។ ចំណែកក្រុមរបស់ប្រាយអិនវិញ ពួកគេក៏បានតាំងចិត្តប្រកួតដោយអំណរ ហើយនៅឆ្នាំនោះ ក្រុមរបស់គាត់ក៏បានឈ្នះពាន់រង្វាន់ជើងឯកប្រចាំរដ្ឋ។
យើងរាល់គ្នាសុទ្ធតែមានហេតុផល នៅក្នុងការរអ៊ូរទាំ ដោយសារដំណឹងដែលធ្វើឲ្យបាក់ទឹកចិត្ត និងភាពតានតឹងជារៀងរាល់ថ្ងៃ ឬបញ្ហាសុខភាពជាដើម។ ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ប្រទាននូវក្តីអំណរ ដែលឈ្នះបញ្ហាទាំងអស់នេះ ឲ្យតែយើងទូលសូមទ្រង់។ និយាយរួម យើងអាចទទួលក្តីអំណររបស់ព្រះយេស៊ូវ (យ៉ូហាន ១៥:១១)។
ក្តីអំណរ ឬអំណរអរ ជាផលផ្លែនៃព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទាន(កាឡាទី ៥:២២)។ ដូចនេះ រៀងរាល់ពេលព្រឹក ចូរយើងកុំភ្លេចទូលសូមទ្រង់ឲ្យជួយយើង ឲ្យរត់ប្រណាំងខាងវិញ្ញាណ ដោយអំណរ។ លោករីឆាត ហ្វូស្ទ័រ(Richard Foster) ដែលជាអ្នកនិពន្ធបានមានប្រសាសន៍ថា “យើងអធិស្ឋាន ដើម្បីឲ្យមានការផ្លាស់ប្តូរ។ នេះជាព្រះគុណដ៏អស្ចារ្យ។ ព្រះទ្រង់ល្អណាស់ ដែលបានប្រទានផ្លូវមួយ ឲ្យយើងរស់នៅ ដោយអំណរ”។—David H. Roper