កាលពីខែកុម្ភៈ ឆ្នាំ ១៤៩៧ មានបុព្វជិតម្នាក់ ឈ្មោះ គីរ៉ូឡាម៉ា សាវ៉ូណារ៉ូឡា(Girolama Savonarola) បាននាំគេ ធ្វើកម្មវិធីដុតបំផ្លាញដ៏ធំមួយ។ ពីដំបូងគាត់ និងសិស្សរបស់គាត់បានចំណាយពេលរាប់ខែ ដើម្បីប្រមែលប្រមូលរបស់របរ ដែលនាំឲ្យមនុស្សប្រព្រឹត្តអំពើបាប ឬភ្លេចភារៈកិច្ចសាសនា។ វត្ថុទាំងនោះ រួមមាន វត្ថុសិល្បៈ គ្រឿងសម្អាង ឧបករណ៍ និងសំលៀកបំពាក់ផ្សេងៗ។ ពេលដែលថ្ងៃកំណត់បានមកដល់ របស់របររាប់ពាន់ត្រូវបានគេប្រមូលផ្តុំ នៅទីលានសាធារណៈ ក្នុងទីក្រុងផ្លូរិន ប្រទេសអ៊ីតាលី ហើយគេក៏បានដុតបំផ្លាញពួកវាចោល។ ក្រោយមក គេក៏បានហៅព្រឹត្តិការណ៍នេះថា ភ្នក់ភ្លើងនៃវត្ថុដែលនាំឲ្យមានបាប។
អ្វីដែលលោកសាវ៉ូណារ៉ូឡាបានធ្វើនោះ ប្រហែលជាមានភាពហួសហេតុបន្តិច ហើយប្រហែលមកពីគាត់ មិនបានយល់សេចក្តីអធិប្បាយរបស់ព្រះយេស៊ូវនៅលើភ្នំ។ កាលនោះ ព្រះយេស៊ូវមានបន្ទូលថា “បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។ ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក”(ម៉ាថាយ ៥:២៩-៣០)។ បើយើងកាត់ស្រាយព្រះបន្ទូលនេះ តាមន័យត្រង់ យើងនឹងមានការយល់ច្រឡំមិនខាន។ ការអធិប្បាយទាំងមូលនេះ គឺបានបង្រៀនយើង ឲ្យមុជចូលឲ្យជ្រៅ ជាជាងមើលតែផ្ទៃខាងលើនោះទេ ពោលគឺយើងត្រូវផ្តោតទៅលើសណ្ឋាននៃចិត្តរបស់យើង ជាជាងស្តីបន្ទោសថា របស់ក្រៅខ្លួនយើងដែលរំខាន និងល្បួងយើង ឲ្យប្រព្រឹត្តខុសនោះឡើយ។
អ្វីដែលគាត់បានដុតនៅថ្ងៃនោះ គឺជាការបង្ហាញអំពីការដុតបំផ្លាញរបស់ទ្រព្យ និងស្នាដៃសិល្បៈជាច្រើន ប៉ុន្តែ មិនទំនងជាបានកែប្រែចិត្តរបស់អ្នក ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះឡើយ។ មានតែព្រះទេដែលអាចកែប្រែចិត្តយើងបាន។ ហេតុនេះហើយ បានជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានអធិស្ឋានថា “ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ”(ទំនុកដំកើង ៥១:១០)។ ការកែប្រែចិត្ត គឺសំខាន់ជាងការដុតបំផ្លាញរបស់របរ ដែលមាននៅសម្បកក្រៅ។—REMI OYEDELE