ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានចូលរួមពិធីបុណ្យសពរបស់ស្រ្តីម្នាក់ ដែលមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ការរស់នៅរបស់គាត់មានភាពសាមញ្ញ មិនមានអ្វីដែលអស្ចារ្យទេ។ ក្រៅពីពួកជំនុំ មិត្តភក្តិ និងអ្នកជិតខាងរបស់គាត់ គឺគេមិនសូវស្គាល់គាត់ទេ។ ប៉ុន្តែ គាត់ស្រឡាញ់ព្រះយេស៊ូវ កូនទាំង៧នាក់ និងចៅទាំង២៥នាក់របស់គាត់។ គាត់សើចច្រើន និងបានបម្រើដោយចិត្តសប្បុរស ហើយអាចវាយកូនបាល់ទន់បានចម្ងាយឆ្ងាយ។
បទគម្ពីរសាស្តាបានចែងថា “ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង”(៧:២)។ “ចិត្តរបស់មនុស្សមានប្រាជ្ញា នោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក” ព្រោះនៅទីនោះ យើងអាចរៀនសូត្រអំពីអ្វីដែលសំខាន់បំផុត(៧:៤)។ លោកដាវីឌ ប្រ៊ូក(David Brooks) ដែលជាអ្នកនិពន្ធរបស់កាសែតញូយ៉កថែម បានមានប្រសាសន៍ថា មានគុណធម៌ពីរប្រភេទ គឺគុណធម៌ដែលគេមើលឃើញយើងមាន នៅក្នុងពាក្យសុំធ្វើការ និងគុណធម៌ ដែលយើងចង់ឲ្យគេលើកមកនិយាយអំពីខ្លួនយើង នៅថ្ងៃបុណ្យសពរបស់យើង។ ជួនកាល អ្នកខ្លះមានគុណធម៌ទាំងពីរនេះ តែជាញឹកញាប់ គុណធម៌ទាំងពីរហាក់ដូចជាមានការប្រកួតប្រជែងគ្នា ក្នុងជីវិតមនុស្សជាទូទៅ។ ទោះជាយ៉ាងណាក៏ដោយ យើងគួរតែឲ្យគេនឹកចាំ អំពីគុណធម៌ល្អរបស់យើង បន្ទាប់ពីយើងបានលាចាកលោកនេះ។
ស្ត្រីដែលបានលាចាកលោកនៅថ្ងៃនោះ មិនមានប្រវត្តិរូបសង្ខេប ដែលគួរឲ្យស្ងើចសរសើរនោះទេ តែកូនៗរបស់គាត់បានឡើងធ្វើទីបន្ទាល់ថា ការរស់នៅរបស់គាត់ បានឆ្លុះបញ្ចាំងអំពីស្រ្តីដែលកោតខ្លាចព្រះ ដូចដែលបានពិពណ៌នា នៅក្នុងបទគម្ពីរសុភាសិត ជំពូក៣១។ គាត់បានជំរុញចិត្តពួកគេឲ្យស្រឡាញ់ព្រះយេស៊ូវ ហើយយកចិត្តទុកដាក់ ចំពោះអ្នកដទៃ។ ម្តាយរបស់ពួកគេបានយកគំរូតាមព្រះយេស៊ូវ គឺដូចដែលសាវ័កប៉ុលបានយកគំរូតាមព្រះយេស៊ូវ ហើយបង្រៀនគេឲ្យយកគំរូតាមទ្រង់ផងដែរ(១កូរិនថូស ១១:១)។
តើគេនឹងនិយាយអ្វីខ្លះ អំពីអ្នក នៅថ្ងៃបុណ្យសពរបស់អ្នក? តើអ្នកចង់ឲ្យគេនិយាយពីអ្វី? យើងនៅមានពេលបង្កើតនិងបន្សល់ទុកកេរដំណែលដ៏ល្អ គឺមិនទាន់យឺតពេលទេ។ ចូរយើងសម្រាកក្នុងព្រះយេស៊ូវ។ សេចក្តីសង្រ្គោះរបស់ទ្រង់ បានរំដោះយើងឲ្យរស់នៅ សម្រាប់ការអ្វីដែលសំខាន់បំផុត។—MIKE WITTMER