ថូម៉ាសបានកើតក្នុងគ្រួសារក្រីក្រមួយ នៅប្រទេសឥណ្ឌា ហើយក្រោយមក ជនជាតិអាមេរិកក៏បានយកគាត់ទៅចិញ្ចឹម។ ពេលគាត់ធ្វើដំណើរត្រឡប់មកប្រទេសឥណ្ឌាវិញ គាត់បានសង្កេតឃើញក្មេងៗមានការខ្វះខាតដ៏ធ្ងន់ធ្ងរ នៅក្នុងស្រុកកំណើតរបស់គាត់។ ដូចនេះគាត់ដឹងថា គាត់ត្រូវតែជួយពួកគេ។ គាត់ដឹងថា គាត់ត្រូវធ្វើអ្វីម្យ៉ាង។ គាត់ក៏បានចាប់ផ្តើមរៀបគម្រោងត្រឡប់ទៅអាមេរិកវិញ ដើម្បីបញ្ចប់ការសិក្សារបស់គាត់ ហើយសន្សំលុយឲ្យបានច្រើន រួចវិលត្រឡប់មកស្រុកកំណើតគាត់វិញ នៅពេលអនាគត។
មានពេលមួយ គាត់ក៏បានអានបទគម្ពីរយ៉ាកុប ២:១៤-១៨ ដែលក្នុងនោះសាវ័កយ៉ាកុបបានចោទសួរថា “បើអ្នកណាថាខ្លួនមានសេចក្តីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្តីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ?” ពេលថូម៉ាសបានត្រឡប់ទៅស្រុកកំណើតគាត់វិញ គាត់ឮក្មេងស្រីតូចម្នាក់ស្រែកប្រាប់ម្តាយរបស់វាថា វាឃ្លានណាស់។ ពេលនោះ គាត់ក៏បាននឹកចាំថា កាលគាត់នៅក្មេង គាត់បានរកមើលអាហារក្នុងធុងសំរាមបរិភោគ ដោយសារឃ្លានអាហារខ្លាំងពេក។ ថូម៉ាសក៏បានដឹងថា គាត់មិនអាចរង់ចំាច្រើនឆ្នាំទៀតបានទេ។ គាត់ក៏បានសម្រេចចិត្តថា គាត់នឹងចាប់ផ្តើមជួយពួកគេនៅពេលនោះតែម្តង។
សព្វថ្ងៃនេះ គាត់មានមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែង ដែលបានទទួលចិញ្ចឹមក្មេងៗ៥០នាក់ ដោយផ្តល់អាហារគ្រប់គ្រាន់ និងថែទាំពួកគេ ដោយនាំពួកគេឲ្យស្គាល់ព្រះយេស៊ូវ ហើយទទួលការអប់រំ។ ទាំងអស់នេះ គឺដោយសារតែបុរសម្នាក់នេះមិនបានពន្យាពេល នៅក្នុងការងារអ្វីដែលព្រះជាម្ចាស់ត្រាសហៅឲ្យគាត់ធ្វើភ្លាមៗ។
ការបង្រៀនរបស់សាវ័កយ៉ាកុបក៏មានន័យសម្រាប់យើងរាល់គ្នាផងដែរ។ ជំនឿដែលយើងមានចំពោះព្រះយេស៊ូវបានផ្តល់ឲ្យយើងនូវទំនាក់ទំនងជាមួយទ្រង់ ជីវិតអស់កល្ប និងក្តីសង្ឃឹមសម្រាប់ពេលអនាគត។ ប៉ុន្តែ តើជំនឿរបស់យើងមានប្រយោជន៍អ្វី បើយើងមិនឈោងទៅរក ហើយជួយអ្នកដែលខ្វះខាត? តើមាននរណាខ្លះ ដែលកំពុងតែស្រេកឃ្លានអាហារ? —DAVE BRANON