មានពេលមួយប៉ារបស់ខ្ញុំបាននិយាយថា ការមើលឃើញស្លឹកឈើនៅលើដើមឈើច្បាស់ គឺប្រសើរជាងការមើលទៅដើមឈើ ឃើញតែពណ៌បៃតងព្រិលៗ។ កាលនោះ ខ្ញុំមានអាយុ១៨ឆ្នាំ ហើយមិនចង់ពាក់វែនតាមីញ៉ូបទេ ប៉ុន្តែ វាបានជួយឲ្យខ្ញុំមើលឃើញអ្វីៗបានច្បាស់ជាងមុន គឺឃើញភាពស្រស់ស្អាត មិនមែនឃើញរូបភាពព្រិលៗទៀត។
ពេលខ្ញុំអានព្រះគម្ពីរ ខ្ញុំមានអារម្មណ៍ថា មានខគម្ពីរខ្លះ ដែលខ្ញុំមិនអាចយល់ច្បាស់ ហើយខ្ញុំគិតថា វាគ្មានអ្វីដែលគួរឲ្យចង់មើល។ រឿងនេះគឺមិនខុសពីការដែលខ្ញុំមើលទៅដើមឈើ ដោយមិនពាក់វ៉ែនតាមីញ៉ូបនោះឡើយ។ ប៉ុន្តែ គ្មានខគម្ពីរណាដែលគួរឲ្យធុញទ្រាន់ទេ អ្វីដែលសំខាន់នោះ គឺខ្ញុំត្រូវការជំនួយក្នុងការមើលភាពស្រស់ស្អាត ក្នុងភាពលម្អិតនៅក្នុងខគម្ពីរនោះ។
បញ្ហានេះបានកើតឡើងចំពោះខ្ញុំ ពេលដែលខ្ញុំអានកណ្ឌគម្ពីរនិក្ខមនំ។ កណ្ឌនេះនិយាយអំពីការដែលព្រះជាម្ចាស់បង្គាប់រាស្រ្តទ្រង់ ឲ្យសង់រោងឧបោសថ ដែលជាកន្លែងទ្រង់គង់នៅជាបណ្តោះអាសន្ន ក្នុងកណ្តាលចំណោមពួកអ៊ីស្រាអែល។ សាច់រឿងលម្អិតក្នុងបទគម្ពីរនេះ ហាក់ដូចជាមានភាពព្រិលៗ ដែលធ្វើឲ្យខ្ញុំមានភាពធុញទ្រាន់។ ប៉ុន្តែ ខ្ញុំបានឈប់បង្អង់នៅចុងបញ្ចប់នៃជំពូក២៥ ដែលក្នុងនោះ ព្រះជាម្ចាស់បានបង្គាប់ឲ្យពួកគេសង់ជើងចង្កៀង។ គេត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា(ខ.៣១)។ ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់(ខ.៣៤)។
ត្រង់ចំណុចនេះ បើយើងពិនិត្យមើលឲ្យបានលម្អិតបន្តិច យើងឃើញថា ព្រះជាម្ចាស់បានបញ្ចូលសម្រស់នៃធម្មជាតិ ទៅក្នុងរោងឧបោសថរបស់ទ្រង់ ដែលនេះជារឿងដែលគួរឲ្យចាប់អារម្មណ៍។
សាវ័កប៉ុលបានមានបង្រៀនថា “អ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”(រ៉ូម ១:២០)។ ដើម្បីឲ្យយើងមើលឃើញសម្រស់របស់ព្រះជាម្ចាស់ ពេលខ្លះ យើងត្រូវមើលទៅស្នាព្រះហស្តរបស់ទ្រង់ និងក្នុងខគម្ពីរ ដោយអនុញ្ញាតឲ្យទ្រង់ជួយបើកភ្នែកខាងវិញ្ញាណរបស់យើង ឲ្យមើលឃើញច្បាស់។—JULIE SCHWAB