មានពេលមួយចៅប្រុសរបស់ខ្ញុំដែលមានអាយុ៣ឆ្នាំ មានបញ្ហាទាំងព្រលឹម។ គាត់មិនអាចរកឃើញអាវដែលគាត់ចូលចិត្តពាក់ជាងគេ។ ស្បែកជើងដែលគាត់ចង់ពាក់ មានកម្តៅក្តៅពេក។ គាត់ក៏បានងិកងក់ដាក់ជីដូនរបស់គាត់ រួចអង្គុយយំតែម្នាក់ឯង។

ខ្ញុំក៏បានសួរគាត់ថា “តើចៅមិនសប្បាយចិត្តរឿងអី្វ? យើងក៏បានជជែកគ្នាមួយសន្ទុះ ហើយបន្ទាប់ពីគាត់បានសម្រួលអារម្មណ៍ហើយ ខ្ញុំក៏បានសួរគាត់ដោយសុភាពថា តើគាត់មានអាកប្បកិរិយ៉ាល្អ ចំពោះជីដូនគាត់ទេ? គាត់ក៏បានមើលទៅស្បែកជើងគាត់ ហើយឆ្លើយថា គាត់បានធ្វើខុសហើយ គាត់សូមទោស។

ខ្ញុំក៏មានចិត្តអាណឹតគាត់។ គាត់មិនបានបដិសេធថា គាត់មិនបានធ្វើខុសនោះទេ ផ្ទុយទៅវិញ គាត់បានសារភាព ដោយចិត្តស្មោះត្រង់។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ពេលដែលយើងបានធ្វើអំពើបាប យើងចាំបាច់ត្រូវទូលសូមព្រះយេស៊ូវអត់ទោសបាបឲ្យយើង ហើយសូមទ្រង់ជួយយើងឲ្យធ្វើឲ្យបានល្អឡើង។

ក្នុងបទគម្ពីរអេសាយ ជំពូក១ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តទ្រង់ អំពីការអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ ការស៊ីសំណូក និងភាពអយុត្តិធម៌បានកើតឡើង នៅក្នុងតុលាការ ហើយគេបានកេងប្រវ័ញ្ចក្មេងកំព្រា និងស្រ្តីម៉េម៉ាយ។ តែទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់បានឆ្លើយតបចំពោះពួកគេ ដោយសេចក្តីមេត្តាកុរណា ដោយឲ្យពួកគេសារភាពអំពើបាបដែលពួកគេបានធ្វើ ហើយងាកបែរចេញពីការអាក្រក់ទាំងនោះ។ គឺដូចដែលទ្រង់មានបន្ទូលថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ”(អេសាយ ១:១៨)។

ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងមានការបើកចំហរចំពោះទ្រង់ ដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់យើង។ កាលណាយើងប្រែចិត្តចេញពីអំពើបាប ដោយចិត្តស្មោះត្រង់ ទ្រង់នឹងប្រទានការអត់ទោសបាបដល់យើងរាល់គ្នា ដោយសេចក្តីស្រឡាញ់។ គឺដូចមានសេចក្តីចែងថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ ដោយសារព្រះនៃយើងមានព្រះទ័យមេត្តា នោះការចាប់ផ្តើមជាថ្មីកំពុងតែរង់ចាំយើងជាស្រេច! —JAMES BANKS