មានពេលមួយ ខ្ញុំបានបើកព្រះគម្ពីររូបភាព សម្រាប់កុមារ ហើយក៏បានចាប់ផ្តើមអានខគម្ពីរនោះឲ្យចៅៗរបស់ខ្ញុំស្តាប់។ ភ្លាមៗនោះ យើងមានការជក់ចិត្តយ៉ាងខ្លាំង ចំពោះរឿងដែលនិយាយអំពីសេចក្តីស្រឡាញ់ និងការផ្គត់ផ្គង់របស់ព្រះ ដែលបានពិពណ៌នាជាពាក្យសម្រាយ។ ខ្ញុំក៏បានគូសចំណាំទំព័រដែលយើងកំពុងតែអាននោះ រួចបិទសៀវភៅនោះ ដើម្បីមើលក្របរបស់វា ឃើញចំណងជើងដែលគេបានដាក់ឲ្យថា : រឿងរបស់ព្រះយេស៊ូវ ក្នុងព្រះគម្ពីរ : រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។
ជាការពិតណាស់ រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។
ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា ជួនកាល ពេលខ្ញុំអានរឿងក្នុងព្រះគម្ពីរប៊ីប ជាពិសេសក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ខ្ញុំក៏ពិបាកយល់ដែរ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកដែលមិនស្គាល់ព្រះ ហាក់ដូចជាមានជ័យជម្នះមកលើរាស្រ្តរបស់ទ្រង់? យើងដឹងថា ចរិកលក្ខណៈរបស់ទ្រង់បរិសុទ្ធ ហើយបំណងព្រះទ័យទ្រង់ក៏ល្អ តែហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យភាពសាហាវព្រៃផ្សៃយ៉ាងនោះ កើតមានចំពោះរាស្រ្តទ្រង់?
បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានជួបសិស្សទ្រង់ពីរនាក់ នៅតាមផ្លូវទៅកាន់ភូមិអេម៉ោស។ កាលនោះ ពួកគេមើលទ្រង់មិនស្គាល់ ហើយកំពុងតែមានការខកចិត្ត ចំពោះការសុគតរបស់ព្រះមែស៊ី ដែលពួកគេធ្លាប់តែសង្ឃឹមរង់ចាំនោះ(លូកា ២៩:១៩-២៤)។ គឺសង្ឃឹមថា ទ្រង់នឹងយាងមកប្រោសលោះសាសន៍អ៊ីស្រាអែល(ខ.២១)។ បន្ទាប់មកព្រះយេស៊ូវក៏បាន “ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក”(ខ.២៧)។
រឿងនីមួយៗក្នុងព្រះគម្ពីរប៊ីប សុទ្ធតែបង្កប់ព្រះនាមទ្រង់ សូម្បីតែនៅក្នុងរឿងដែលពិបាកយល់ ព្រោះរឿងទាំងនោះបានបើកបង្ហាញភាពប្រេះបែក ក្នុងពិភពលោករបស់យើង និងបង្ហាញឲ្យយើងដឹងថា យើងត្រូវការព្រះសង្រ្គោះមួយអង្គ។ គ្រប់សកម្មភាព ហេតុការណ៍ និងជំនួយរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនោះ គឺសុទ្ធតែចង្អុលបង្ហាញការប្រោសលោះ ដែលព្រះជាម្ចាស់បានរៀបចំ ដើម្បីនាំមនុស្សដែលទ្រង់ស្រឡាញ់ ឲ្យងាកមករកទ្រង់វិញ ក្រោយដែលពួកគេបានវង្វេងចេញពីទ្រង់។ —ELISA MORGAN