កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ បាបារ៉ា(Barbara)បានចម្រើនវ័យធំឡើង ដោយមានរដ្ឋាភិបាលប្រទេសអង់គ្លេសចិញ្ចឹម ប៉ុន្តែ ពេលដែលគាត់មានអាយុ១៦ឆ្នាំ គាត់ និងកូនប្រុសគាត់ ដែលទើបចាប់កំណើត ក៏បានក្លាយជាជនអនាថា។ រដ្ឋមិនមានកាតព្វកិច្ចចិញ្ចឹមគាត់ទៀតទេ ពេលដែលគាត់ចូលដល់វ័យនេះ។ បាបារ៉ាក៏បានសរសេរសំបុត្រផ្ញើទៅម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏បានទទួលការឆ្លើយតប។ ដោយសារក្តីអាណឹត ម្ចាស់ក្សត្រីក៏បានរៀបចំឲ្យបាបារ៉ាមានផ្ទះមួយខ្នង សម្រាប់រស់នៅ។

ម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេសមានធនធានសម្រាប់ជួយបាបារ៉ា ហើយជំនួយប្រកបដោយក្តីអាណឹតរបស់ព្រះនាង គឺជាការឆ្លុះបញ្ចាំងដ៏តូចមួយ អំពីជំនួយរបស់ព្រះជាម្ចាស់។ ព្រះដែលជាស្តេចនៃនគរស្ថានសួគ៌ ជ្រាបអំពីតម្រូវការគ្រប់យ៉ាងរបស់យើង ហើយក៏រៀបចំផែនការសម្រាប់ជីវិតយើង ដោយអំណាចចេស្តាទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់សព្វព្រះទ័យនឹងឲ្យយើងចូលមករកទ្រង់ ដោយទូលថ្វាយអំពីតម្រូវការ និងបញ្ហាផ្សេងៗដល់ទ្រង ដែលនេះជាផ្នែកមួយនៃទំនាក់ទំនងនៃសេចក្តីស្រឡាញ់ជាមួយទ្រង់។

ពួកអ៊ីស្រាអែលទូលសូមឲ្យព្រះជាម្ចាស់ជួយរំដោះពួកគេ កាលពួកគេកំពុងតែរងទុក្ខវេទនា ដោយបន្ទុកនៃភាពជាទាសករដ៏ធ្ងន់ នៅនគរអេស៊ីព្ទ។ ទ្រង់ក៏បានឮពួកគេ ហើយក៏បាននឹកចាំ អំពីព្រះបន្ទូលសន្យារបស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្តីទុក្ខរបស់គេ”(និក្ខមនំ ២:២៥)។ ទ្រង់ក៏បានបង្គាប់លោកម៉ូសេ ឲ្យនាំយកសេរីភាពមកឲ្យពួកគេ ហើយក៏បានប្រកាស់ថា ទ្រង់នឹងនាំពួកគេចូលទៅក្នុង “ស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះ និងឃ្មុំហូរហៀរវិញ”(៣:៨)។

ព្រះជាម្ចាស់ដ៏ជាស្តេច សព្វព្រះទ័យឲ្យយើងចូលមករកទ្រង់។ ទ្រង់នឹងប្រទានអ្វីៗដែលយើងត្រូវការ។ ចូរយើងសម្រាក នៅក្នុងការផ្គត់ផ្គង់ដោយអំណាចចេស្តា និងសេចក្តីស្រឡាញ់របស់ទ្រង់។—RUTH O’REILLY-SMITH