កាលពីខែកក្កដា ឆ្នាំ១៩៨៣ មានទាហានស័ក្តិ៤ម្នាក់ បានបាត់ខ្លួន ពីក្រុងអាល់ប៊ូហ្គ័រ រដ្ឋញូមិចស៊ីកូ ដោយគ្មានបន្សល់ទុកដានអ្វីសោះ។ ៣៥ឆ្នាំក្រោយមក អាជ្ញាធរក៏បានរកឃើញគាត់ ក្នុងរដ្ឋកាលីហ្វូញ៉ា។ ក្រោយមក កាសែតញូយ៉កថែមក៏បានចុះផ្សាយថា គាត់បានរត់ចោលស្រុក ដោយសារ “គាត់ធ្លាក់ទឹកចិត្ត នៅក្នុងការងារ”។
គាត់បានរត់គេចខ្លួចអស់រយៈពេល៣៥ឆ្នាំ គឺមានន័យថា ក្នុងរយៈពេលពាក់កណ្តាលជីវិតរបស់គាត់ គាត់តែងតែខ្លាចគេរកឃើញគាត់។ ដូចនេះ ខ្ញុំគិតថា គាត់មានការថប់បារម្ភ និងការភ័យខ្លាចជាប់ខ្លួនជានិច្ច។
តែខ្ញុំត្រូវតែទទួលស្គាល់ថា ពេលខ្លះខ្ញុំក៏មានការរត់គេចពីអ្វីមួយផងដែរ។ រូបកាយរបស់ខ្ញុំមិនដែលរត់គេចពីអ្វីមួយឡើយ។ ប៉ុន្តែ នៅពេលខ្លះ ខ្ញុំដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វីមួយ ដូចជាការប្រឈមមុខនឹងការពិត ឬសារភាពកំហុសចំពោះទ្រង់ជាដើម តែខ្ញុំមិនចង់ធ្វើវាទេ ដូចនេះ ខ្ញុំក៏បានរត់គេច។
ហោរាយ៉ូណាស មានឈ្មោះល្បីខាងរត់គេចពីការបង្គាប់របស់ព្រះជាម្ចាស់ ឲ្យទៅប្រកាស់ព្រះបន្ទូលទ្រង់ នៅទីក្រុងនីនីវេ(មើល យ៉ូណាស ១:១-៣)។ ប៉ុន្តែ ជាការពិតណាស់ គាត់មិនអាចរត់គេចពីព្រះជាម្ចាស់បានឡើយ។ គាត់ក៏បានជួបខ្យល់ព្យុះ ហើយត្រូវសត្វត្រីលេប ដោយសារការមិនស្តាប់បង្គាប់នេះ(ខ.៤,១៧)។ ពេលគាត់កំពុងតែវេទនា នៅក្នុងពោះត្រី គាត់ក៏បានភ្ញាក់ខ្លួន ដោយប្រឈមមុខនឹងការពិត ហើយក៏បានស្រែកសូមឲ្យព្រះជាម្ចាស់ជួយ(២:២)។
លោកយ៉ូណាសមិនមែនជាហោរាដែលល្អឥតខ្ចោះទេ។ តែខ្ញុំបានរកឃើញការកម្សាន្តចិត្ត នៅក្នុងរឿងដែលគួរឲ្យកត់សំគាល់របស់គាត់ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ចោលគាត់ ទោះគាត់មានចិត្តរឹងរូសយ៉ាងណាក៏ដោយ។ ព្រះអម្ចាស់នៅតែឆ្លើយតបការអធិស្ឋានដ៏ទទូចរបស់គាត់ ដោយស្អាងគាត់ឡើងវិញ (ខ.២) ហើយទ្រង់ក៏ធ្វើចំពោះយើងយ៉ាងដូចនេះផងដែរ។—ADAM HOLZ