ដើមវេនូស ជាប្រភេទរុក្ខជាតិចាប់សត្វរុយ ដែលគេបានរកឃើញលើកដំបូង នៅក្នុងតំបន់តូចមួយ នៅតំបន់ព្រៃលិចទឹកដែលមានខ្សាច់ច្រើន ដែលនៅមិនឆ្ងាយពីផ្ទះរបស់ខ្ញុំ ក្នុងរដ្ឋខារ៉ូលីណាខាងជើង។ រុក្ខជាតិនេះគឺពិតជាគួរឲ្យចង់ទស្សនាណាស់ ព្រោះវាជាប្រភេទរុក្ខជាតិដែលចាប់សត្វស៊ីជាចំណី។

ដើមចាប់សត្វរុយនេះបានបញ្ចេញទឹកដមដែលមានក្លិនក្រអូប ទៅក្នុងអន្ទាក់របស់វាដែលមានពណ៌ចម្រុះ ដូចផ្កាដែលបានរីក។ ពេលដែលសត្វល្អិតវាចូលទៅខាងក្នុង ប៉ះចំគន្លឹះនៅគែមខាងក្រៅ អន្ទាក់នោះក៏បានបិទជិត ក្នុងពេលតែមួយប៉ព្រិចភ្នែក ហើយក៏បានចាប់សត្វល្អិតនោះជាប់។ អន្ទាក់នោះក៏បានបិទចូលទៅក្នុងបន្ថែមទៀត ហើយក៏បានបញ្ចេញអង់ហ្សែនដើម្បីរំលាយ និងស៊ីសត្វល្អិតនោះជាចំណី បានមួយរយៈពេល ដោយផ្តល់ឲ្យនូវជីវជាតិ ដែលដីខ្សាច់មិនអាចផ្តល់ឲ្យបាន។

ព្រះបន្ទូលព្រះបានប្រាប់យើង អំពីអន្ទាក់មួយទៀត ដែលអាចចាប់យើងជាប់ ដោយមិនដឹងខ្លួន។ គឺដូចដែលសាវ័កប៉ុលបានដាស់តឿនលោកធីម៉ូថេ ដែលជាសិស្សរបស់គាត់ថា “ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន”(១ធីម៉ូថេ ៦:៩-១០)។

មនុស្សចូលចិត្តគិតថា ខ្លួនអាចរកបានសុភមង្គល ពីលុយ និងសម្ភារៈ ប៉ុន្តែ ពេលដែលពួកគេយករបស់ទាំងនោះជាទីមួយ ក្នុងជីវិតខ្លួនហើយ គឺមានន័យថា ពួកគេកំពុងតែដើរក្នុងផ្លូវដ៏គ្រោះថ្នាក់។ តែយើងអាចជៀសវាងអន្ទាក់នេះបាន ដោយរស់នៅ ក្នុងចិត្តដែលអរព្រះគុណ និងបន្ទាបខ្លួន ដោយផ្តោតទៅលើសេចក្តីល្អ ដែលព្រះជាម្ចាស់ប្រទានតាមរយៈព្រះយេស៊ូវ ដ្បិត “ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន”(ខ.៦)។

របស់ដែលមិនស្ថិតស្ថេរក្នុងលោកិយនេះ មិនអាចធ្វើឲ្យចិត្តយើងស្កប់ស្កល់ឡើយ ព្រោះមានតែព្រះជាម្ចាស់ទេដែលអាចប្រទាននូវការស្កប់ចិត្ត។ ជាការពិតណាស់ យើងអាចរកឃើញការស្កប់ចិត្តដ៏ស្ថិតស្ថេរ នៅក្នុងទំនាក់ទំនងជាមួយទ្រង់តែប៉ុណ្ណោះ។ —JAMES BANKS