កាលពីឆ្នាំ២០១៦ ពេលដែលក្រុមកីឡាវាយកូនបាល់ឈីកាហ្គោ ខាប់ បានឈ្មះពានរង្វាន់ពិភពលោក ជាលើកទីមួយ ក្នុងរយៈពេលជាង១សតវត្សរ៍ មនុស្ស៥លាននាក់ បានដើរដង្ហែរក្បួនជាជួរ ហើយក៏បានជួបជុំគ្នា នៅក្នុងការដើរក្បួនក្នុងទីក្រុង ដើម្បីអបអរសារទរជ័យជម្នះនេះ។
ការដង្ហែរក្បួននៃជ័យជម្នះ មិនមែនទើបតែកើតមានក្នុងសម័យបច្ចុប្បន្នទេ។ នៅសម័យបុរាណ ជនជាតិរ៉ូម៉ាំងមានការដើរដង្ហែរក្បួនដ៏ល្បីល្បាញ ដែលក្នុងនោះ មេទ័ពបានដឹកនាំការដើរក្បួនរបស់កងទ័ព និងចំណាប់ខ្មាំងរបស់ខ្លួន កាត់តាមផ្លូវដែលមានមនុស្សអ៊ូអរកំពុងរង់ចាំអបអរសាទរ។
សាវ័កប៉ុលប្រហែលជាបានគិតអំពីការដើរដង្ហែរក្បួនដូចនេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស ដោយអរព្រះគុណព្រះអម្ចាស់ សម្រាប់ការដឹកនាំអ្នកជឿទ្រង់ ក្នុងការដង្ហែរក្បួននៃជ័យជម្នះរបស់ព្រះគ្រីស្ទ (២កូរិនថូស ២:១៤)។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលបានដឹងថា ក្នុងការប្រៀបប្រដូចនេះ អ្នកដើរតាមព្រះគ្រីស្ទគឺជាឈ្លើយសឹក។ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវបានបង្ខំឲ្យចូលរួមក្នុងក្បួនដង្ហែរនេះទេ តែយើងជាឈ្លើយសឹក ដែលបានស្ម័គ្រចិត្តចូលរួម ដោយមានការដឹកនាំ ដោយព្រះគ្រីស្ទ ដែលមានជ័យជម្នះ និងមានព្រះជន្មរស់ឡើងវិញ។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងអបអរសាទរជ័យជម្នះរបស់ព្រះគ្រីស្ទ ដែលទ្រង់កំពុងតែសង់នគររបស់ទ្រង់ ហើយទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនអាចឈ្នះពួកជំនុំរបស់ទ្រង់បានឡើយ(ម៉ាថាយ ១៦:១៨)។
ពេលដែលយើងនិយាយអំពីជ័យជម្នះរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង និងសេរីភាពដែលអ្នកជឿទាំងអស់បានទទួល គឺមានន័យថា យើងកំពុងតែបញ្ចេញក្លិនដ៏ក្រអូប នៃការស្គាល់ទ្រង់ នៅគ្រប់ទីកន្លែង(២កូរិនថូស ២:១៤)។ ហើយទោះមនុស្សគិតថា ក្លិននោះជាការធានានូវសេចក្តីសង្រ្គោះជាទីពេញចិត្ត ឬជាក្លិននៃបរាជ័យរបស់ពួកគេក្តី តែក្លិនដ៏មានអំណាចនេះមានវត្តមាននៅគ្រប់កន្លែងដែលយើងទៅដល់។
ក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ យើងប្រកាស់ថា ការមានព្រះជន្មឡើងវិញរបស់ទ្រង់គឺជាជ័យជម្នះ ដែលនាំមកនូវសេចក្តីសង្រ្គោះដល់លោកិយទាំងមូល។ —LISA SAMRA