នៅក្នុងរឿងម្ចាស់នៃចិញ្ចៀន (Lord of the Ring) តួអង្គមនុស្សចម្លែកហ្គោលិម បានឆ្គួតវង្វេងនឹងចិញ្ចៀនដ៏មានអំណាច និងមានតម្លៃនោះណាស់ បានជាវាចេះតែនិយាយឥតឈប់ថា “ចិញ្ចៀនមានតម្លៃរបស់ខ្ញុំ…” ។ សព្វថ្ងៃនេះ ពាក្យមួយឃ្លានេះ គឺមានភាពល្បីល្បាញក្នុងចំណោមទស្សនិកជននៃរឿងនេះណាស់ ដោយវាជាតំណាងឲ្យ ភាពលោភលន់ ការងប់ងល់ ហើយថែមទាំងភាពឆ្គួតវង្វេង។

វាក៏ជារូបភាពដ៏គួរឲ្យរំខាន ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់មនុស្សផងដែរ។ មនុស្សចម្លែកហ្គោលិមនោះបានទទួលរងទារុណកម្ម នៃទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងសេចក្តីសម្អប់ ជាមួយនឹងចិញ្ចៀន និងខ្លួនវា ហើយសម្លេងរបស់វាទៀតសោត បានឆ្លុះបញ្ចាំងអំពីភាពស្រេកឃ្លាននៅក្នុងចិត្តរបស់យើងម្នាក់ៗ។ ទោះយើងស្រេកឃ្លានរករបស់ដ៏ជាក់លាក់ណាមួយ ឬរករបស់ល្អច្រើនជាងនោះទៀតក្តី យើងគិតថា ឲ្យតែយើងបានរបស់ដ៏មានតម្លៃនោះហើយ យើងនឹងមានការស្កប់ចិត្តមិនខាន។ ប៉ុន្តែ របស់ទំាងនោះមិនបានធ្វើឲ្យយើងស្កប់ចិត្តទេ ផ្ទុយទៅវិញ វាបានធ្វើឲ្យយើងមានអារម្មណ៍កាន់តែខ្វះចន្លោះជាងមុនទៅទៀត។

យើងមានផ្លូវដែលល្អជាងនេះ សម្រាប់រស់នៅ។ ស្តេចដាវីឌបានបង្រៀន ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៦ ថា ពេលដែលចិត្តដ៏ស្រេកឃ្លានរបស់យើង នាំឲ្យយើងស្វែងរកការស្កប់ស្កល់ សម្រាប់ចិត្តដែលអស់សង្ឃឹម និងគ្មានប្រយោជន៍(ខ.៤) យើងអាចងាកមករកព្រះ ដើម្បីជ្រកកោនក្នុងទ្រង់(ខ.១) ដោយរំឭកខ្លួនឯងថា បើយើងដាច់ចេញពីទ្រង់ នោះយើងនឹងគ្មានអ្វីទាំងអស់(ខ.២)។
ហើយកាលណាយើងឈប់ស្វែងរកការស្កប់ចិត្តក្នុងលោកិយនេះ ហើយងាកមកមើលសម្រស់របស់ព្រះជាម្ចាស់(ខ.៨) យើងនឹងស្គាល់រស់ជាតិនៃភាពស្កប់ចិត្តដ៏ពិត ដែលជាជីវិតមានសេចក្តីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់ ជាដរាបតទៅ(ខ.១១)។—MONICA BRANDS