ពេលដែលខ្ញុំឃើញភ្លើងស្តុបពណ៌ក្រហម ខ្ញុំក៏បានឈប់ឡាន។ ពេលនោះ ខ្ញុំក៏បានឃើញបុរសម្នាក់ឈរនៅលើចិញ្ចើមថ្នល់ដូចកាលពីមុនទៀត។ គាត់កំពុងតែកាន់ក្រដាស់ឡាំងដែលមានសរសេរអក្សរពីលើថា ខ្ញុំត្រូវការលុយសម្រាប់ទិញអាហារ។ សូមជួយខ្ញុំផង។ ខ្ញុំក៏បានងាកមុខចេញ ហើយដកដង្ហើមធំ។ តើខ្ញុំជាប្រភេទមនុស្សដែលមិនអើពើរចំពោះអ្នកទាល់ក្រឬ?

អ្នកខ្លះធ្វើពុតជាខ្វះខាត តែតាមពិត ពួកគេជាមនុស្សបោកប្រាស់យ៉ាងជំនាញ។ អ្នកខ្លះពិតជាមានការខ្វះខាតមែន តែមានការពិបាកនៅក្នុងការជម្នះទម្លាប់ ដែលនាំឲ្យមានការបំផ្លិចបំផ្លាញ។ អ្នកធ្វើការងារសង្គមបានប្រាប់យើងថា យកល្អ យើងគួរតែបរិច្ចាកប្រាក់ ទៅអង្គការមនុស្សធម៌ក្នុងទីក្រុងយើងវិញ។ ខ្ញុំក៏បានសម្រេចចិត្តយ៉ាងពិបាក ដោយបើកឡានបង្ហួសអ្នកសុំទាននោះ។ ខ្ញុំមានអារម្មណ៍មិនល្អ តែខ្ញុំប្រហែលជាបានប្រព្រឹត្ត ដោយប្រាជ្ញា។

ព្រះជាម្ចាស់បានបង្គាប់យើង ឲ្យ “ទូន្មានពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្តីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ”(១ថែស្សាឡូនិច ៥:១៤)។ ដើម្បីអនុវត្តតាមព្រះរាជបញ្ជានេះ យើងត្រូវដឹងថា តើពួកគេ ស្ថិតក្នុងចំណោមក្រុមមួយណា តាមបទគម្ពីរនេះ? បើសិនជាយើងដាស់តឿនមនុស្សទន់ខ្សោយ ឬបាក់ទឹកចិត្ត យើងអាចធ្វើឲ្យគាត់បាក់ទឹកចិត្តកាន់តែខ្លាំង។ បើយើងជួយការងាររបស់មនុស្សដែលគ្មានសណ្តាប់ធ្នាប់ យើងអាចធ្វើឲ្យពួកគេកាន់តែខ្ជិលច្រអូស។ ដូចនេះ មុននឹងជួយ យើងត្រូវស្គាល់ស្ថានភាពរបស់គេឲ្យច្បាស់ ដោយដឹងថា គេត្រូវការអ្វីពិតប្រាកដ ទើបការជួយរបស់យើងមានប្រយោជន៍។

តើព្រះអម្ចាស់បានបណ្តាលចិត្តអ្នក ឲ្យជួយនរណាម្នាក់ឬទេ? បើទ្រង់ពិតជាបណ្តាលចិត្តអ្នកមែន នោះពិតជាល្អណាស់។ អ្នកមិនត្រូវប្រញាប់សន្និដ្ឋានថា អ្នកដឹងអំពីតម្រូវការរបស់គាត់នោះឡើយ។ ចូរសុំឲ្យគាត់ចែកចាយអំពីបញ្ហារបស់គាត់ ហើយស្តាប់គាត់និយាយដោយប្រុងប្រយ័ត្ន។ អ្នកត្រូវអធិស្ឋាន មុននឹងធ្វើការសម្រេចចិត្តបំពេញតម្រូវការគាត់ ដោយប្រាជ្ញា គឺមិនមែនដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ល្អជាងមុននោះទេ។ កាលណា យើងពិតជាមានបំណងចង់ធ្វើការល្អសម្រាប់គ្នាទៅវិញទៅមក យើងនឹងមានចិត្តអត់ធ្មត់ចំពោះមនុស្សគ្រប់គ្នា សូម្បីតែនៅពេលដែលពួកគេជំពប់ដួលក៏ដោយ(ខ.១៤-១៥)។—MIKE WITTMER