មានពេលមួយ ម្តាយក្មេកខ្ញុំបានគំាងបេះដូង។ ពេលនោះ យើងមានការថប់បារម្ភណាស់។ តែអរព្រះគុណព្រះអង្គដែលគាត់បានទទួលការព្យាបាលភ្លាមៗ។ ក្រោយមក វេជ្ជបណ្ឌិតរបស់គាត់បានប្រាប់ខ្ញុំថា បើសិនជាអ្នកជម្ងឺគាំងបេះដូង បានទទួលការព្យាបាលក្នុងអំឡុងពេល១៥នាទីដំបូង គាត់មានឱកាសរស់៣៣ភាគរយ។ ប៉ុន្តែ មានអ្នកជម្ងឺតែ៥ភាគរយប៉ុណ្ណោះ ដែលមានឱកាសរស់ បន្ទាប់ពីគាំងបេះដូង លើសពី១៥នាទីហើយ។
កាលព្រះយេស៊ូវកំពុងធ្វើដំណើរទៅប្រោសជម្ងឺរបស់កូនរបស់លោកយ៉ៃរ៉ិស (ដែលពិតជាត្រូវការការសង្រ្គោះបន្ទាន់) ទ្រង់បានធ្វើនូវរឿងមួយ ដែលមិននឹកស្មានដល់ គឺទ្រង់បានឈប់ដើរទៅមុខទៀត(ម៉ាកុស ៥:៣០)។ ទ្រង់បានឈប់ ដើម្បីរកមើលនរណាប៉ះទ្រង់ ហើយបន្ទាប់មក ទ្រង់ក៏បានមានបន្ទូលដោយសុភាព ទៅកាន់ស្រ្តីដែលបានប៉ះទ្រង់។ អ្នកអាចស្រមៃថា តើលោកយ៉ៃរ៉ូសគិតយ៉ាងណា ពេលគាត់ឃើញទ្រង់ឈប់ដូចនេះ ខណៈពេលដែលកូនស្រីគាត់កំពុងតែឈឺជិតស្លាប់។ បន្ទាប់មក អ្វីដែលគាត់បានភ័យខ្លាចនោះ ក៏បានកើតឡើងមែន។ ព្រះយេស៊ូវបានពន្យាពេលយ៉ាងយូរ ហើយកូនស្រីគាត់ក៏បានស្លាប់(ខ.៣៥)។
ប៉ុន្តែ ព្រះយេស៊ូវបានងាកមករកលោកយ៉ៃរ៉ុស ហើយក៏បានលើកទឹកចិត្តថា “កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ”(ខ.៣៦)។ បន្ទាប់មក ព្រះយេស៊ូវមិនបានអើពើរចំពោះការចម្អករបស់អ្នកដែលបានឃើញហេតុការណ៍ នៅថ្ងៃនោះទេ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលទៅកាន់កូនស្រីរបស់លោកយ៉ៃរ៉ុស ហើយនាងក៏មានជីវិតរស់ឡើងវិញ។ ត្រង់ចំណុចនេះ ទ្រង់បានបង្ហាញថា ទ្រង់មិនដែលយឺតពេលឡើយ។ ពេលវេលាមិនអាចកំណត់អ្វីដែលទ្រង់អាចធ្វើ និងមិនអាចកំណត់ពេលដែលទ្រង់សម្រេចព្រះទ័យធ្វើវានោះឡើយ។
តើមានពេលប៉ុន្មានដងហើយ ដែលយើងមានអារម្មណ៍ដូចលោកយ៉ៃរ៉ុស ដោយគិតថា ព្រះជាម្ចាស់មានការយឺតយ៉ាវពេក នៅក្នុងការសម្រេចអ្វីដែលយើងសង្ឃឹមចង់បាន។ ប៉ុន្តែ សម្រាប់ព្រះជាម្ចាស់ ទ្រង់មិនដែលយឺតយ៉ាវ។ ពោលគឺទ្រង់មិនដែលយឺតពេល នៅក្នុងការសម្រេចការល្អ និងប្រកបដោយសេចក្តីមេត្តា ក្នុងជីវិតយើងឡើយ។—PETER CHIN